មហាជននៅតែសរសើរសមត្ថភាព ប៊ុត សីហា ទោះបាត់មុខច្រើនឆ្នាំពីសិល្បៈ

ក្រោយពីបាត់មុខស្ងាត់ដំណឹងពីវិស័យចម្រៀងអស់រយៈពេលជាច្រើន ថ្មីៗនេះអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា បានប្រកាសវិលជាអាជីពជាថ្មីដោយទទូចសុំឱកាសពីមហាជនឱ្យគាំទ្រជាថ្មីម្ដងទៀត បន្ទាប់ពីដើរខុសផ្លូវបាត់បង់ស្ទើរគ្រប់យ៉ាងក្នុងជីវិត ។

យ៉ាងណាបើទោះជាធ្លាប់វង្វេងផ្លូវ និងបានបាត់មុខជាច្រើនឆ្នាំពីវិស័យសិល្បៈ ប៉ុន្តែតារាចម្រៀងដែលជាIdolដំបូងរបស់អ្នកគាំទ្រកម្មវិធី The Voice Cambodia លោក ប៊ុត សីហា នៅតែមានសន្ទុះនៃការគាំទ្រខ្លាំងស្ទើរមិនឹកស្មានដល់ ខណៈក្រោយប្រកាសអះអាងសាងជីវិតជាថ្មី និងសន្យាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងម្ដងទៀត ផេកផ្លូវការបស់តារាចម្រៀងរូបនេះមានអ្នកចុចតាមដានជិត៥ម៉ឺននាក់ ជាមួយនឹងសំណេរស្វាគមន៍យ៉ាងកក់ក្ដៅរបស់អ្នកគាំទ្រថែមទៀតផង ។

អ្វីដែលចាប់អារម្មណ៍មហាជនអ្នកដែលនិយមស្រលាញ់ចូលចិត្ត ប៊ុត សីហា នាកន្លងមកនៅតែស្ញើចសរសើពីសមត្ថភាពរបស់តារាចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះ ខណៈបទចម្រៀងមួយបទដែលមានចំណងជើងថា «ស្នេហ៍ឯកា» ជាសំនៀងរបស់ឧកញ៉ា ព្រាប សុវត្ថិ និងច្រៀងឡើងវិញដោយ ប៊ុត សីហា មានការទស្សនាជាច្រើន ។ ជាងនេះទៅទៀតនោះ ការវិលត្រឡប់មកវិញជាថ្មីម្ដងនេះ ប៊ុត សីហា ក៏បានត្រៀមស្នាដៃចម្រៀងជាច្រើនសម្រាប់ជាកាដូ ខណៈគេរំពឹងថា ប៊ុត សីហា អាចនឹងទទួលបានការគាំទ្រខ្លាំងឡើងវិញផងដែរ ។

មហាជនខ្លះលេីកឡេីងថា ចម្រៀងបទណាស្រែកតឹងៗទុកចិត្តលេី ប៊ុត សីហា ចុះ រូបគេមានសំឡេងពីរោះដោយឡែក ហេីយជាសំឡេងរបស់ខ្លួនឯង មិនត្រាប់តាមនរណានោះទេ។

សូមរំលឹកថា ប៊ុត សីហា គឺជាម្ចាស់ជ័យលាភីឯកកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ ។ គេនៅចាំបានថា គ្រានោះ សីហា ទទួលបាននូវប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រយ៉ាងផុសផុល ព្រោះក្រៅពីទឹកដមសំឡេងពីរោះប្លែកដាច់គេហើយ អតីតម្ចាស់ពានរូបនេះក៏សង្ហាមិនចាញ់តារាម៉ូឌែលផងដែរ ។

ប៉ុន្តែក្រោយកាន់តំណែងម្ចាស់ជ័យលាភីកម្មវិធីចម្រៀងលំដាប់ពិភពលោក ប៊ុត សីហា បានទទួលរងនូវរឿងអាស្រូវកក្រើកសង្គមសិល្បៈ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន រហូតធ្វើឱ្យលោកបាត់មុខឈឹងពីអាជីពអ្នកចម្រៀង ។ ដោយឡែកទើបតែថ្មីៗនេះ ប៊ុត សីហា បានប្រកាសត្រឡប់មកជាថ្មី និងបានសុំការផ្ដល់ឱកាសពីមហាជនដោយអះអាងថា បានកែខ្លួន និងដើរលើផ្លូវល្អត្រឹមត្រូវវិញ។

ទោះបីជាមានការអះអាងយ៉ាងណា ប៊ុត សីហា ក៏មិនទាន់មានទីផ្សាខ្លាំងវិញនោះដែរ ក៏មិនទាន់មានអ្នករៀបចំការប្រគំតន្រ្តី ឬស្ថានីយ៍ទូរទស្សន៍នានាណាមួយផ្ដល់ឱកាសដល់រូបគេបានបង្ហាញសមត្ថភាពទៀតឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *