ពិធីករ សុខ រ៉ាស៊ី ហួសចិត្តព្រោះមាននារីម្នាក់ទាញឲ្យពាក់ព័ន្ធរឿងបំណុល

ពិធីករលោក សុខ រ៉ាស៊ី ថ្មីៗនេះបានបង្ហាញវីដេអូមួយ ដែលរូបលោកបានជជែកគ្នាយ៉ាងតឹងសរសៃកជាមួយនារីជាអ្នករកស៊ីចងការប្រាក់តាមអនឡាញម្នាក់ បន្ទាប់ពីនារីរូបស្រស់នោះបានទាញរូបលោកចូលទៅពាក់ព័ន្ធរឿងបំណុលចំនួន៣៥០ដុល្លារ។

ផ្អែកតាមខ្លឹមសារនៃការសន្ទនាគ្នានោះបានឲ្យដឹងថា នារីម្នាក់ជាអ្នករកស៊ីចងការប្រាក់តាមអនឡាញនោះ បានយល់ព្រមផ្ដល់ប្រាក់កម្ចីរបស់នារីម្នាក់ឈ្មោះ ឆើត ឆាយ ចំនួន៣៥០ដុល្លារ ដោយគ្រាន់តែនារីម្នាក់នោះអះអាងថា បានស្គាល់លោក សុខ រ៉ាស៊ី ដែលជាពិធីករល្បីឈ្មោះ ដោយពុំមានការឯកភាពពីសាមីខ្លួនឡើយ។ អ្នកចងការប្រាក់តាមអនឡាញបានព្យាយាមទាញពិធីករ សុខ រ៉ាស៊ី ទៅពាក់ព័ន្ធក្នុងបំណុលនោះ ដោយសុំឲ្យលោកជួយទាក់ទងទៅនារីជាកូនបំណុល ព្រោះនាងមិនអាចទាក់ទងបាន។

ទោះបីជាយ៉ាងណា ពិធីករលោក សុខ រ៉ាស៊ី មិនបានធ្វើតាមនោះទេ គ្រាន់តែសួរនាំទៅនារីម្នាក់ឈ្មោះ ឆើត ឆាយ ក្នុងនាមជាអ្នកស្គាល់គ្នា ប៉ុន្តែបើឲ្យរូបលោកចូលខ្លួនទៅទារបំណុលនោះមិនអាចទៅរួចឡើយ។ ហើយការណ៍ដែលជួយសួរនាំក៏ព្រោះតែលោកជាមនុស្សម្នាក់ដែលគេជំពាក់លុយដែរ។

ទោះបីជាយ៉ាងណា ការសន្ទនាយ៉ាងតឹងសរសៃកជិត២០នាទីនោះ មិនអាចរកចំណុចរួមបានទេ ព្រោះការនិយាយហាក់មិនយល់ និងមិនចូលគ្នាទាល់តែសោះ ភាគីខាងផ្ដល់កម្ចីអនឡាញបានត្រឹមចំណាយពេល ហើយពិធីករ សុខ រ៉ាស៊ី បានត្រឹមខាតពេលវេលាប៉ុណ្ណោះ។ ដោយសារជាបទពិសោធន៍ជួបផ្ទាល់ដូច្នេះ លោកបានស្នើរដល់អ្នកប្រកបរបរ បើកហាងបញ្ចាំ ឬចងការប្រាក់ ជាពិសេសចងការប្រាក់តាមអនឡាញត្រូវគោរពច្បាប់ ដោយសុំអាជ្ញាប័ណ្ណពីអាជ្ញាធរ សុំច្បាប់ពីក្រសួងពាណិជ្ជកម្ម ហើយត្រូវមានវិជ្ជាជីវៈត្រឹមត្រូវដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីធានាថា ប្រាក់ដែលខ្លួនបានផ្ដល់ជាកម្ចីដល់អតិថិជន គឺមិនបាត់បង់ ហើយបើបាត់បង់ត្រូវទទួលខុសត្រូវដោយខ្លួនឯង ដោះស្រាយដោយខ្លួនឯង មិនគួររំខានដល់អ្នកដទៃបែបនេះនោះទេ។

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លើកឡើងថា កម្ចីតាមប្រព័ន្ធអនឡាញភាគច្រើនជាអាជីវកម្មខុសច្បាប់ដែលធ្វើឱ្យអ្នកខ្ចីងាយនឹងធ្លាក់ក្នុងអន្ទាក់បំណុល ខណៈការប្រាក់ខ្ពស់ ហើយពិបាកការពារអតិថិជនណាស់។ ម្យ៉ាងទៀតមួយចំនួននៃការផ្សព្វផ្សាយទាំងនេះជាការបោកប្រាស់។ កម្ចីអនឡាញមិនមានអ្វីជាភស្តុតាង មិនមានក្រដាសស្នាម និងមិនមានសាក្សី ដែលនេះជាបញ្ហាពិបាកក្នុងការរកយុត្តិធម៌ណាស់។ ជាក់ស្តែង នៅពេលឡើងតុលាការ គេតែងសួររកសាក្សី និងក្រដាសស្នាមពាក់ព័ន្ធ។ ជារួម ពលរដ្ឋគួរជៀសវាងកម្ចីអនឡាញនេះ ដើម្បីបង្ការខ្លួនកុំឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុលដ៏ស្មុគស្មាញនេះ។

Leave a Reply

Your email address will not be published. Required fields are marked *