ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ដែលមានគណនី Tik Tok ឈ្មោះ panha9999 បានធ្វើវីដេអូនិយាយពីស្នាមសាក់របស់បេក្ខជន Cambodian idol ថុល សុភិទិ ដោយបានប្រៀបប្រដូចបេក្ខជនរូបនេះថា អតីតកាលអាចជាក្មេងញៀនថ្នាំ ក្មេងរើសអេតចាយតាមចិញ្ចឹមផ្លូវ និងគ្មានឪពុកម្ដាយប្រដៅជាដើម ។
វីដេអូនោះត្រូវបានចែករំលែកជាច្រើននៅលើបណ្ដាញសង្គម Tik Tok និងហ្វេសប៊ុក ខណៈការរិះគន់ឆ្លើយទៅបុរសខាងលើក៏ច្រើនដូចទឹកបាក់ទំនាប់ ។ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គម ពិសេសអ្នកស្រលាញ់ចូលចិត្ត និងគាំទ្របេក្ខជន ថុល សុភិទិ បានលើកឡើងថា ទង្វើររបស់បុរសជាម្ចាស់គណនី Tik Tok ខាងលើជាការតោងយកប្រជាប្រិយភាព ។
ជាមួយគ្នានេះផងដែរ នៅយប់មិញនេះគណនីហ្វេសប៊ុកមួយឈ្មោះ Meak Bunthol ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់ពាក់ផ្កាយ២ និងបានអះអាងថា ជាពុកបង្កើតរបស់បេក្ខជន ថុល សុភិទិ បានប្រតិកម្មយ៉ាងខ្លាំងទៅលើបុរសជាម្ចាស់ Tik Tok ខាងលើ ដោយលោកបានព្រមានឱ្យបុគ្គលរូបនោះចេញមុខសុំទោសក្រុមគ្រួសារជាសាធារណៈ ខណៈការមាក់ងាយវាយតម្លៃបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ ពិសេសកេរ្ដិ៍ឈ្មោះរបស់កូនប្រុសដែលកំពុងប្រកួតប្រជែងសមត្ថភាពនៅលើឆាកកម្មវិធីដ៏ធំលំដាប់ភិភពលោក Cambodian idol ។
លោក Meak Bunthol បាននិយាយថា «តើបុគ្គលម្នាក់នេះជាអ្នកណា? ម៉ិចបានយករូបកូនខ្ញុំ ថុល សុភិទិ មកវាយតំលៃលើរូបគាត់គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីអ្នកឯងហ៊ានវាយតម្លៃប្រៀបធៀបកូនខ្ញុំទៅក្មេងញៀនថ្នាំ ទៅក្មេងហិតកាវ និងក្មេងគ្មានឪពុកម្តាយណែនាំប្រដៅ ហើយដាក់សញ្ញាសួរឲគេឆ្លើយតប តើអ្នកឯងមានបំណងអី្វបានអ្នកហ៊ានវាយតម្លៃ គ្រួសារខ្ញុំ និងកូនខ្ញុំ អ្នកស្គាល់ខ្ញុំគ្រួសាខ្ញុំនៅឯណា? អ្នកឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំ ជាសាធារណៈ ព្រោះអ្នកឯងហ៊ានមើលងាយគ្រួសារ និងកូនខ្ញុំថុល សុភិទិ សូមបងប្អូនជួយចែករំលែកឲពុកម៉ែបងប្អូនបានដឹងឲគាត់ចេញមកជួបខ្ញុំ» ។
សូមរំលឹកថា ថុល សុភិទិ ជាបេក្ខជនឆ្នើមមួយរូបក្នុងចំណោមបេក្ខជនខ្លាំងៗជាច្រើន ខណៈប៉ូន្មានសប្ដាហ៍ចុងក្រោយនេះ ភិទិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol រដូវកាលទី៤ និងកំពុងត្រៀមខ្លួនបង្ហាញសមត្ថភាពបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យខាងមុខនេះ ។
ទន្ទឹមនឹងកំពុងទទួលតែបានប្រជាប្រិយភាពខ្លាំង និងត្រៀមខ្លួនប្រកួតឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្របេក្ខជន ថុល សុភិទិ ត្រូវបានបុគ្គលម្នាក់រិះគន់ និងមាក់ងាយវាយតម្លៃរឿងចាក់សាក់លើដងខ្លួនថា អតីតកាលអាចជាក្មេងញៀនថ្នាំ ក្មេងរើសអេតចាយ និងគ្មានឪពុកម្ដាយប្រដៅ រហូតលាន់ឮដល់ឪពុកដែលជាមន្ត្រីជាន់ខ្ពស់ពាក់ផ្កាយ២ចេញមុខប្រតិកម្ម ។
យ៉ាងណាក្រោយមានប្រតិកម្មជាច្រើនពីសំណាក់មហាជន ពិសេសឪពុកបង្កើតរបស់បេក្ខ ថុល សុភិទិ បុគ្គលដែលជាម្ចាស់គណនី Tik Tok ឈ្មោះ panha9999 ក៏បានធ្វើការសុំទោសជាសាធារណៈតាមការប្រតិកម្មរបស់លោក Meak bunthol ដោយអះអាងថា ទង្វើររបស់ខ្លួនគ្មានបំណងអ្វី ក្រៅអំពីការវាស់ស្ទង់ចង់ដឹងសន្ទុះនៃការគាំទ្ររបស់បេក្ខជន ថុល សុភិទិ តែប៉ុណ្ណោះ ៕
អត្ថបទ៖ ម៉ៅ វិបុល