Will Smith រីករាយខ្លាំងនឹងការគាំទ្រដ៏រឹងមាំពីនាងJadaក្រោយព្រឹត្តិការណ៍នៅអូស្ការ

ប្តីប្រពន្ធតារាភាពយន្តហូលីវូត លោក Will Smith និងភរិយានាងJada Pinkett Smith ដែលជាពិធីការិនីដ៏ល្បីមួយរូបប្រចាំសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ បានបង្ហាញខ្លួនជាមួយគ្នាជាសាធារណៈលើកដំបូង ចាប់តាំងពីកើតមានព្រឹត្តិការណ៍លោក Will Smith ទះកំផ្លៀង លោក Chris Rock តារាកំប្លែងល្បីអាមេរិក នៅលើវេទិកាក្នុងកម្មវិធីពានរង្វាន់អូស្ការកាលខែមិនាកន្លងទៅដោយសារលោកChris Rockបាននិយាយកំប្លែងរឿងលោកស្រីJada គ្មានសក់។ ដែលជាក់ស្តែងបញ្ហាលោកស្រីJada គ្មានសក់កើតឡើងដោយសារលោកស្រីមានជំងឺធ្វើអោយជ្រុះសក់។

រឿងរ៉ាវទះកំផ្លៀង ដែលបានកើតមានឡើងរវាងតារាភាពយន្តល្បីឈ្មោះនិងតារាកំប្លែងល្បីឈ្មោះអាមេរិក បាននាំជារឿងដ៏កក្រើកក្លាយជាប្រវត្តិសាស្ត្រមិនល្អមួយ សម្រាប់កម្មវិធីពានរង្វាន់អូស្ការ ហើយរឿងនេះត្រូវបានចែកចាយយ៉ាងលឿនរហ័សនៅជុំវិញពិភពលោកដូចភ្លើងឆេះព្រៃ ជារឿងគួរអោយខ្មាស់មួយនៅក្នុងពិភពសិល្បៈហូលីវូត បាននាំអោយម្ចាស់ពានរង្វាន់អូស្ការសម្រាប់តំណែងតារាភាពយន្តល្អបំផុត(Best Actor) អាយុ៥៣ឆ្នាំលោក Will Smith ត្រូវលាឈប់ពីស្ថាប័នពានរង្វាន់អូស្កា និងលោកត្រូវហាមឃាត់ចូលរួមកម្មវិធីពានរង្វាន់អូស្ការរយៈពេល១០ឆ្នាំ។

ប្រភពមួយបានប្រាប់សារព័ត៌មានPEOPLE ថា«តារាភាពយន្ត Will សុខសប្បាយជាធម្មតា។ លោកបានចំណាយពេលវេលាយ៉ាងច្រើនជាមួយលោកស្រី Jada ជាភរិយា។ លោកមានការរីករាយយ៉ាងខ្លាំងជាមួយនិងការគាំទ្រយ៉ាងរឹងមាំឥតដាច់របស់ភរិយាលោក។ ពួកគេស្និទ្ធិគ្នាខ្លាំង ហើយគាំទ្រគ្នាទៅវិញទៅមក។ គ្រួសារគឺជាអ្វីគ្រប់យ៉ាងសម្រាប់ប្តីប្រពន្ធមួយគូនេះ។

ប្រភពដដែលបន្តថា Will មានអារម្មណ៍ថាលោកដូចជាបានរៀនសូត្រច្រើនក្នុងពេលប៉ុន្មានខែកន្លងទៅ។ ប្រភពផ្សេងទៀតបានប្រាប់សារព័ត៌មានPEOPLE ថា Will រីករាយនឹងការគាំទ្រដែលលោកជានិច្ចកាលទទួលបានពីភរិយាគឺលោកស្រី Jada៕

Leave a Reply

Your email address will not be published. Required fields are marked *