ប្រគំតន្ត្រីម្តងត្រូវប្រើទឹកអស់ ៣០០តោន តារាចម្រៀង Psy រងការរិះគន់ខ្លាំង

កំពូលតារាចម្រៀងជាSuperstarប្រចាំវង់ឧស្សាហកម្មតន្ត្រីK-popរបស់ប្រទេសកូរ៉េខាងត្បូង លោក Psy បានទទួលរងការរិះគន់យ៉ាងក្រាស់ក្រែលចំពោះការប្រើប្រាស់ទឹករហូតដល់ទៅ៣០០តោន សម្រាប់ការប្រគំតន្ត្រីនៅកូរ៉េខាងត្បូងឆ្នាំ២០២២នេះ។

តារាចម្រៀងម្ចាស់បទ “Gangnam Style” កាលពីពេលកន្លងទៅប្រកាសនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាមថា កម្មវិធីប្រគំតន្ត្រីដែលមានឈ្មោះថា “Summer Swag” ជាការប្រគំតន្ត្រីប្រើប្រាស់ការបាញ់ទឹកទៅលើអ្នកទស្សនាអំឡុងពេលរាំនិងចម្រៀង នឹងវិលត្រលប់មកវិញសារជាថ្មីនៅទីក្រុងសេអ៊ូល ដែលនេះជាលើកដំបូងហើយចាប់តាំងពីខកខានចាប់តាំងពីឆ្នាំ២០១៩។

ការប្រកាសពីការវិលត្រលប់នៃការប្រគំតន្ត្រីនេះ នាំមកនូវពាក្យរិះគន់យ៉ាងច្រើន ដោយមានការបារម្ភថា តារាចម្រៀងកំពុងខ្ជះខ្ជាយធនធានទឹកដ៏មានតម្លៃនៅពេលកូរ៉េខាងត្បូងប្រឈមនឹងគ្រោះរាំងស្ងួតអំឡុងពេលរដូវក្តៅ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូងតែងតែលើកឡើងពីកង្វះខាតទឹកប្រើប្រាស់លើវិស័យឧស្សាហកម្មនិងកសិកម្ម។

នៅលើបណ្តាញធ្វីតធ័រមហាជនដែលប្រើប្រាស់បណ្តាញសង្គមមួយនេះលើកឡើងថា«ប្រសិនបើគ្រោះរាំងស្ងួតត្រូវប្រកាសឡើងនៅតំបន់ណាមួយក្នុងពិភពលោកនោះគ្មាននរណាម្នាក់គួរប្រើប្រាស់ទឹកច្រើនម្លឹងឡើយ»។ ចំណែកអ្នកខ្លះទៀតសរសេរថា «មិនមែនជារឿងរីករាយដែលអ្នកត្រូវបំពេញចិត្តអ្នកទស្សនារបស់អ្នកតាមបែបផែននេះឡើយ»។

អំឡុងពេលបង្ហាញវត្តមានក្នុងកម្មវិធីវិទ្យុក្នុងស្រុកមួយ តារាចម្រៀងល្បីឈ្មោះលំដាប់ពិភពលោក លោក Psy បានអះអាងថា ការប្រគំតន្ត្រីរបស់លោកប្រើប្រាស់ទឹកដែលអាចទទួលទានបាន។ នេះបើតាមការអោយដឹងរបស់សារព័ត៌មានKorea JoongAng Daily។ លោក Psy លើកឡើងថា «យើងចំណាយលុយយ៉ាងច្រើនទិញទឹកសម្រាប់ការប្រគំតន្ត្រី។ ការប្រគំតន្ត្រីម្តងៗ ត្រូវការទឹកប្រហែល៣០០តោន»៕

Leave a Reply

Your email address will not be published. Required fields are marked *