Idol គូម៉ា មកលើកនេះសេដហៅលែងឮហើយជាមួយ Mini Album ចម្រៀងថ្មីចំនួន៥បទជាប់គ្នា ដែលច្រៀងរៀបរាប់ពីទុក្ខសោកស្នេហាបែកបាក់ និងអារម្មណ៍ខូចចិត្តបាត់បង់ស្នេហា ស្តាប់ហើយធានាថា ជក់ចិត្តឌិតអារម្មណ៍ ។
ដូចដែលមហាជនបានដឹងស្រាប់ហើយថាបទចម្រៀងរបស់លោក គូម៉ា ចេញមកម្តងៗ កម្រងនឹងមានបទញាក់កន្រ្តាក់អារម្មណ៍ណាស់ ភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងមនោសញ្ចេតនាស្នេហា បែកបាក់ស្នេហា និងមានអ្នកទី៣ចូលមកជ្រៀតស្នេហ៍ ។ សម្រាប់បើកទំព័រដើមខែថ្មីនេះលោក គូម៉ា ដែលជាតារាចម្រៀងលេចធ្លោមួយរូបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បានចេញ Mini Album ចម្រៀងថ្មីចំនួន៥បទទៅតាមសំណូមពររបស់អ្នកគាំទ្រ ។

ក្នុង Mini Album ចម្រៀងថ្មីនេះតារាចម្រៀង គូម៉ា សេដ ហៅលែងឮហើយ អ្នកស្តាប់ហើយច្បាស់ជាសេដតាមជាក់ជាមិនខាន តែទោះជាយ៉ាងណាទាំងនេះគ្រាន់តែជាបទចម្រៀងថ្មីដើម្បីជាកាដូដល់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ ។
បទចម្រៀងថ្មីរបស់លោក គូម៉ា ដែលបានចេញទាំង៥បទរួមមានបទ « ឆ្នាំងមិនសមរង្វេល » « ទសក័ណ្ឌ » « គេមកហើយ » « រឿងនិទានខ្លោចផ្សា » និងបទ « មិនអាចបង្ហាញអារម្មណ៍ » បទចម្រៀងទាំងអស់សុទ្ធសឹងតែនិពន្ធ Melody និងទំនុកច្រៀងដោយអ្នកនិពន្ធខ្លាំងៗដូចជា លោក សុន រដ្ឋា កញ្ញា យ៉ង់ ចន្ទនីតា និង លោក សេង តារា និងនិពន្ធបទភ្លេងដោយ លោក BM ។
គ្រាន់តែបានឃើញចំណងជើង បានស្តាប់បទចម្រៀងហើយ ក៏ដឹងថាលោក គូម៉ា សេដដល់កម្រិតណាដែរ មិនថាអ្នកសេដ ឬ អ្នករីករាយ អាចចូលរួមស្តាប់ និង ទស្សនា បទចម្រៀងថ្មីរបស់លោក គូម៉ា បានទាំងអស់គ្នា ។

ជាមួយនឹងការចេញ Mini Album ចម្រៀងចំនួន៥បទនេះតារាចម្រៀងលោក គូម៉ា បានរៀបរាប់ថា « នេះគឺជាបទចម្រៀងថ្មីរបស់ខ្ញុំបាទ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រ និងជួយផ្តល់ជាមតិយោបល់ ដើម្បីឱ្យខ្ញុំអាចកែតម្រូវនូវបទចម្រៀងរបស់ខ្ញុំបន្ទាប់ទៀតឱ្យបានល្អ » ៕

