សម្រស់ម្នាក់មួយបែប តែតារាស្រី៤នេះមានឆន្ទៈតែមួយ

បច្ចុប្បន្នគេកត់សម្គាល់ឃើញតារាស្រី៤ដួង បានកំពុងតែចូលរួមយ៉ាង​សកម្មជាមួយសកម្ម​ភាព​លើក​ស្ទួយ​ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ដែលជាសម្បត្តិវប្បធម៌របស់ខ្មែរត្រូវ​បាន​បន្សល់ទុកពី​ដូន​តាបុព្វ​បុរស ។

កន្លងមកតារាស្រីទាំង៤រូបនេះ​បានបង្ហាញនូវឆន្ទៈតែមួយ ដោយខិតបានខំលះបង់ជាច្រើន​នូវកំម្លាំង​កាយ​ចិត្ត និង​រូបសម្រស់ ដើម្បីថែរក្សាការពារ និងលើកបង្ហាញមរតកក្បាច់​គុន​ល្បុក្កតោខ្មែរ​នៅលើ​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ ដើម្បីឱ្យកាន់តែសុះសាយ​នៅលើឆាក​អន្តរ​ជាតិ និងជាពិសេសគឺដើម្បី​កូនខ្មែរ​ជំនាន់ក្រោយបានស្គាល់កាន់តែច្បាស់​ពីសម្បត្តិ​វប្បធម៌​ដ៏មានតម្លៃមួយនេះ ។ តើតារាស្រីដែលមានទាំងរូបសម្រស់ និងឆន្ទៈទាំង៤រូបនោះ​ជា​នរណា ថ្ងៃនេះ តារាញូស៍ នឹងបើកបង្ហាញមុខ និងគាស់​កកាយពីសកម្មភាព​សមត្ថភាព​របស់ពួកគេ ។

១. តារាសម្តែង និងជាគ្រូបង្ហាត់គុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ

ក្រៅពីមានអាជីពជាតារាសម្ដែងលើវិស័យភាពយន្ដ ពេជ្រ ចរណៃ ក៏ជាតារាស្រីមួយរូប​ដែលចូលរួមយ៉ាង​សកម្ម​ក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោខ្មែរ និងវប្បធម៌អរិយធម៌​ខ្មែរ​ជាច្រើន ។ កន្លងមកតារាស្រីវ័យ២៦ឆ្នាំរូបនេះតែងតែព្យាយាមបង្ហាញ និងផ្សាព្វផ្សាយ​ក្បាច់គុនដ៏ចំណាស់មួយនេះដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងស្គាល់ ជាពិសេស​គឺដើម្បីបង្ហាញទៅកាន់ពិភពលោក ។

ក្រៅពីនេះកញ្ញា ពេជ្រ ចរណៃ ក៏ធ្លាប់ប្រឈមមុខ និងប្រតិកម្មជា​មួយ​ប្រទេសជិត​ខាង​ដែលបានធ្វើការបង្កាច់បង្ខូច ឬលាបព័ណ៌ផ្សេងៗ​មកលើកម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​វប្បធម៌អរិយធម៌ និងក្បាច់គុនល្បុក្កតោ ។ ក្រៅពីឆន្ទៈ និងសេចក្ដីក្លាហាននេះ​ស្រីស្រស់​សម្បុរសណ្ដែកបាយ ពេជ្រ ចរណៃ ក៏ប្រកាន់ភ្ជាប់គោលជំហរបន្តធ្វើកិច្ចការ​មួយនេះ បើ​ទោះបីពេល​ខ្លះការ​ខិតខំដែល​ស្ទើរតែគ្មានពេលសម្រាកនេះ ត្រូវបាន​ជនអគតិមួយ​ចំនួន​តូចព្យាយាមបង្អាក់ដោយការរិះគន់ និងមិនឱ្យតម្លៃ​ក៏​ដោយ ។

២. តារាល្បុក្កតោកញ្ញា សំ ថារ័ត្ន

សំ ថារ័ត្ន ក៏មិនខុសគ្នាពីកញ្ញា ពេជ្រ ចរណៃ នោះដែរ កន្លងមក​នាងតែងតែ​បង្ហាញ​ និង​ផ្សព្វផ្សាយពីក្បាច់​គុនបុរាណខ្មែរដែលជាមរតកបន្សល់ទុក​ដោយបុព្វបុរសដូនតា​ជំនាន់​មុនមួយនេះទៅកាន់ពិភពលោក ក៏ដូចជាការ​ចូលរួមបង្ហាត់ដល់យុវជនខ្មែរ​ដែលស្រលាញ់ និងគាំទ្រវិស័យ​​គុនខ្មែរល្បុក្កតោ ។ ក្រៅពីការខិតខំបង្ហាញ និងផ្សាព្វផ្សាយកញ្ញា សំ ថារ័ត្ន ក៏តែងតែអំពាវនាវដល់យុវជន​បន្តវេនជួយ​លើក​ស្ទួយ និងគាំទ្រដល់វិស័យមួយនេះ ។

សំ ថារ័ត្នធ្លាប់និយាយថា សម័យមុន បុព្វបុរសយើង​បានប្រើក្បាច់គុន​បុរាណ​ល្បុក្កតោ​ច្បាំងការពារទឹកដី ហើយបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ។ យើងជាយុវជន​សម័យថ្មី ខំហាត់ល្បុក្កតោដើម្បីផ្សារភ្ជាប់ខ្លួនទៅនឹងវប្បធម៌ ជាមួយសិល្បៈ​ក្បាច់គុន​ដ៏​ចំណាស់នេះ ដើម្បីបង្ហាញពិភពលោក ។ បើយើងមិនប្រឹងទ្រទ្រង់ បើយើងមិនថែ យើង​នឹងអាចបាត់បង់ទៅម្ដងទៀត ។

៣. តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី

ស្របពេលដែល​អាជីពសិល្ប:​កំពុង​តែមានសន្ទុះទៅមុខនេះ តារាស្រីវ័យ១៩ឆ្នាំ ញឹមសួន សោភាទេពី បានធ្វើឲ្យមហាជន​កាន់តែ​ចាប់អារម្មណ៍ថែមទៀត ក្រោយសម្រេចចិត្តដើរលើ​វិស័យក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ខណៈមានទស្សនិកជនច្រើន​ចាត់​ទុកថា ជាបុគ្គល​គំរូបសម្រាប់យុវជនខ្មែរ ។

បើតាមអ្វីដែល ទេពី ធ្លាប់អះអាងប្រាប់ តារាញូស៍ កាលពីពេលថ្មីៗបច្ចុប្បន្ននាង​កំពុងតែ​ហាត់រៀនក្បាច់គុនមួយនេះនៅសាលាគុនល្បុក្កតោ ជ័យ តេជៈ របស់កញ្ញា ពេជ្រ ចរណៃ ។

៤. បវរកញ្ញា រ៉េត សារីតា

ក្រៅពីអាជីពសិល្បៈ អតីតម្ចាស់មកុដបវរកញ្ញាចក្កវាឡ Miss Universe 2020 កញ្ញា បច្ចុប្បន្ន​​ក៏បានរំលេចខ្លួនជាមួយការហាត់រៀនលើវិស័យក្បាច់គុនល្បុក្កតោផងដែរ ប៉ុន្តែកញ្ញា រ៉េត សារីតា ពុំសូវបង្ហាញវត្តមានជាមួយអាជីពមួយនេះដូចតារាស្រីប៉ុន្មានដួងខាងលើឡើយ ពោលគឺកញ្ញាផ្ដោតសំខាន់​ទៅលើសិល្បៈផ្នែកសម្ដែង និងភាពយន្ដ ៕

Leave a Reply

Your email address will not be published. Required fields are marked *