ពីក្មេងឃ្វាលគោ លីម តិចម៉េង ក្លាយជាបេក្ខជនជើងខ្លាំងក្នុងកម្មវិធី Cambodian Idol

តាំងពីដំណើរការប្រលងវគ្គដំបូងរហូតមកដល់ពេលនេះ លីម ទិចម៉េង នៅតែបេក្ខជនដែលមានសមត្ថភាពក្នុងចិត្តរបស់គណកម្មការ និងទស្សនិកជនសម្រាប់កម្មវិធី Cambodian Idol រដូវកាលទី៤ ដែលកំពុងតែប្រព្រឹត្តទៅ កៀកនឹងរកឃើញម្ចាស់ពានទៅហើយ។

ទោះបីជាអនាគតនៅមិនទាន់អាចកំណត់បានពិតមែន ប៉ុន្តែយុវជនដែលមានប្រភពកំណើតពីខេត្តកំពង់ចាមរូបនេះ ហាក់ត្រូវបានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានដាក់ក្ដីរំពឹងលើរូបគេថា អាចក្លាយជាម្ចាស់ពាននៃកម្មវិធីលំដាប់ពិភពលោកមួយនេះមិនខាន។

ទទឹមនឹងសន្ទុះនៃការគាំទ្រកំពុងហក់ឡើងកាន់តែខ្លាំង និងកើនប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ លីម តិចម៉េង បានបង្ហើរសំណេរពីអារម្មណ៍របស់ខ្លួនដោយអរគុណចំពោះកម្មវិធី Cambodian Idol និងអរគុណចំពោះអ្នកគាំទ្ររូបគេទាំងអស់ ជាមួយនឹងការទម្លាយនូវប្រវត្តិរបស់ខ្លួនយ៉ាងខ្លីផងដែរ។ បេក្ខជនរូបនេះបានរៀបរាប់ថា ៖ «ពីក្មេងឃ្វៀលគោម្នាក់ នៅភូមិស្វាយមាស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម សូមផ្ញើការអរគុណចំពោះកម្មវិធី និងបងប្អូនទាំងអស់គ្នា ក្នុងនាមជាបងប្អូន កូនចៅ នៃគ្រួសារខ្មែររហូតទៅ» ។

ងាកមកកាន់ក្រុមអ្នកគាំទ្រវិញ បន្ទាប់ពីបានឃើញសំណេរនេះហើយ បានបញ្ចេញនូវអារម្មណ៍ត្រេកអរយ៉ាងខ្លាំងតាមរយៈការបញ្ចេញមតិ និងចែករំលែកជាច្រើនដង ជាមួយនឹងពាក្យពេចន៍ជូនពរឲ្យរូបគេបានទទួលជោគជ័យក្នុងសប្ដាហ៍ខាងមុខទៀត។ យ៉ាងណាក្រុមអ្នកគាំទ្រនៅតែមានជំនឿថា បេក្ខជន លីម តិចម៉េង នឹងអាចធ្វើបានល្អនៅសប្ដាហ៍បន្ទាប់នេះ ហើយនៅតែអាចទទួលបានជោគជ័យពីមួយដំណាក់កាលទៅមួយដំណាក់កាល។

ប្រិយមិត្តបានពោលសរសើរពីទឹកចិត្តបែបសន្តិភាពនិយមរបស់បេក្ខជនរូបនេះ ដែលជារឿយៗបានបង្ហោះសំណេរដោយជម្រុញឲ្យប្រិយមិត្តអ្នកគាំទ្រនៅតែបន្តស្រលាញ់គ្នា ទោះបីជាគាំទ្របេក្ខជនផ្សេងគ្នាយ៉ាងណាក៏ដោយ ហើយទោះបីវាសនារបស់រូបគេទៅជាយ៉ាងណាក៏ដោយ

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ បានឈានដល់វគ្គ Live Show សប្តាហ៍ទី៤ ហើយ ចំពោះបេក្ខជនដែលបានឡើងទៅវគ្គបន្ត មាន៩រូប ក្នុងនោះក៏មានបេក្ខជន លីម តិចម៉េង ផងដែរ ក្រោយធ្វើការចម្រាញ់ជាច្រើនសប្ដាហ៍កន្លងមក។ ប្រិយមិត្តទស្សនិកជនកំពុងរង់ចាំមើកពីជោគវាសនាអតីតក្មេងឃ្វាលគោនៅភូមិស្វាយមាស ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម លីម តិចម៉េង នៅសប្ដាហ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *