វគ្គ Live Show បន្តឆក់យកបេក្ខជនម្នាក់ទៀតឱ្យចាកចេញពីកម្មវិធី Cambodia Idol ទាំងសោកស្ដាយ

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៤របស់ស្ថានីយ៍ទូរទស្សហង្សមាស បានធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្ត និងព្រឺព្រួចជាងសប្ដាហ៍កន្លងទៅ ខណៈនៅវគ្គ Live Show សប្ដាហ៍ទី៤យប់មិញនេះ បានឆក់យកបេក្ខជនម្នាក់ទៀតហើយឱ្យចាកចេញពីកម្មវិធី ។

នៅវគ្គ Live Show សប្ដាហ៍ទី៤នេះ បេក្ខជនចំនួន៨រូបត្រូវបានទស្សនិកជនបោះឆ្នោតឱ្យឆ្លងផុតទៅកាន់វគ្គបន្តនៅសប្ដាហ៍ទី៥ ដោយឡែកបេក្ខជនពីររូបគឺ ស្រស់ រ៉ូឡុង និង ណាន វីសា មិនត្រូវបានបោះឆ្នោតទៅកាន់វគ្គបន្តឡើយ ប៉ុន្តែក្នុងនោះបេក្ខជន ណាន វីសា ត្រូវបានគណៈកម្មការទាំង៤រូបមានលោក ឆន សុវណ្ណារាជ កញ្ញា សុខ សីឡាលីន លោក ណុប បាយ៉ារីទ្ធ និងអ្នកនាង ឱក សុគន្ធ កញ្ញា ជ្រើសរើសឱ្យទៅវគ្គបន្ត ខណៈបេក្ខជន ស្រស់ រ៉ូឡុង ត្រូវចាកចេញទាំងសោកស្ដាយ ព្រោះឡើងមកដល់វគ្គនេះកម្មវិធីតម្រូវឱ្យគណៈកម្មការមានសិទ្ធជ្រើសរើស ឬរក្សាបានតែបេក្ខជនម្នាក់តែប៉ុណ្ណោះ ។

បើទោះជាយ៉ាងណាទស្សនិកជនអ្នកគាំទ្រកម្មវិធី Cambodian idol រដូវកាលទី៤ បានសម្ដែងនូវការសាទរជាច្រើន ចំពោះបេក្ខជនទាំង៩នាក់ដែលមានសមត្ថភាព អាចឡើងទៅកាន់វគ្គបន្ត ហើយគេក៏រងចាំមើលថា នៅសប្ដាហ៍បន្ទាប់នេះ តើបេក្ខជនរូបណាខ្លះដែលអាចមានសមត្ថភាពនៅឈរនៅលើឆាកកម្មវិធីប្រឡងចម្រៀងលំដាប់ភិភពលោកមួយនេះទៅកាន់វគ្គកណ្ដាលផ្ដាច់ព្រ័ត្របាន ខណៈមានការរំពឹងថា នៅសប្ដាហ៍បន្ទាប់ខាងមុខនេះកម្មវិធី Cambodian idol Season4 ឬរដូវកាលទី៤នឹងកាន់តែកក្រើក និងជក់ចិត្ត ព្រោះបេក្ខជនទាំង៩នាក់ដែលនៅសល់ គឺសុទ្ធសឹងតែជាជើងខ្លាំង និងមានសមត្ថភាពទឹកដមសំឡេងដូចៗគ្នា ។

សូមរំលឹកថា កម្មវិធីលំដាប់ពិភពលោក Cambodian idol បានរកឃើញម្ចាស់ជើងឯក៣ជំនាន់មកហើយ ក្នុងនោះពានរង្វាន់រដូវកាលទី១ជាមួយទឹកប្រាក់១០០លានរៀលបានទៅលើអតីតបេក្ខជនមកពីស្រុកស្ទោង ខេត្តកំពង់ធំ នី រតនា រដូវកាលទី២បានទៅលើកញ្ញា ឈិន ម៉ានិច្ច និងរដូវកាលទី៣លោក គ្រី ថៃពៅ ។

ដោយឡែករដូវកាលទី៤នេះនៅមិនទាន់រកឃើញម្ចាស់ជ័យលាភីឡើយ ខណៈបច្ចុប្បន្នបេក្ខជនកំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនៅលើឆាក ហើយអ្នកគាំទ្រក៏កំពុងតាមដានពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ផងដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *