ឈិន រតនៈ រំលឹកអតីតកាលជម្នះពាក្យចំអក និងការមាក់ងាយទម្រាំមានថ្ងៃនេះ

កាលពីពេលថ្មីៗកន្លងទៅនេះ អតីតបេក្ខនារីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលពី២កញ្ញា ឈិន រតនៈ បានទម្លាយនូវរូបភាព២សន្លឹកដែលភ្ជាប់គ្នារវាងអតីតកាលពីក្មេង និងរូបភាពក្នុងពេលបច្ចុប្បន្ន ។

ការភ្ជាប់រូបភាពនោះ រតនៈ បានលើកឡើងថា មានពេលខ្លះនាងស្ទើរតែមិនស្មានថាខ្លួននាងអាចធ្វើបានដូចជាពេលបច្ចុប្បន្ន ពោលព្រោះកាលពីក្មេងនាងត្រឹមជាក្មេងស្រីម្នាក់ដែលមានរូបឆោមមិនសូវល្អ និងធ្លាប់ត្រូវបានគេចំសើចអក បង្អាប់មើលងាយជាច្រើន ព្រោះតែមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកចម្រៀង ។ ប៉ុន្តែបើទោះជាយ៉ាងណា នាងមិនដែលបោះបង់ចោលការតស៊ូឡើយ ហើយពេលនេះនាងស្ទើរតែមិនជឿថា នាងពិតជាអាចធ្វើបាន ។

ដោយនៅលើបណ្ដាញសង្គមរបស់ខ្លួន តារាចម្រៀងហង្សមាសកញ្ញា ឈិន រតនៈ បាននិយាយយ៉ាងដូច្នេះថា៖ «ពេលខ្លះមិននឹកស្មានថាខ្លួនឯងអាចធ្វើបាន ពីក្មេងស្រីរូបអាក្រក់ម្នាក់តែមានក្តីស្រម៉ៃខ្ពស់ ចង់ក្លាយជាតារាតាំងពីក្មេង ទោះគេសើចចំអក បង្អាប់ មើលងាយយ៉ាងណា ក៏មិនបោះបង់ សំខាន់នៅតែតស៊ូរហូតមានថ្ងៃនេះ» ។

សូមរំលឹកថា នេះមិនមែនជាលើកទីមួយទេដែលកញ្ញា ឈិន រតនៈ រំលឹកពីប្រវត្តិនៃការតស៊ូដ៏ជូរចត់របស់នាង ប៉ុន្តែកន្លងតារាចម្រៀងពោរពេញដោយរូបឆោម និងទេពកោសល្យរូបនេះ ធ្លាប់បានបង្ហើបពីអតីតកាលរបស់ខ្លួនជាច្រើនមកហើយ ជាពិសេសគឺរឿងរ៉ាវឈឺចាប់ដែលជួយនាំឱ្យនាងតស៊ូរហូតមានភាពជោគជ័យដូចជាសព្វថ្ងៃនេះ ហើយមានមនុស្សពីរប្រភេទដែលនាងចាំក្នុងចិត្ត គឺមនុស្សដែលនៅក្បែរនាង និងមនុស្សដែលធ្លាប់បោះបង់នាង ។

ឈិន រតនៈ ធ្លាប់បាននិយាយថា នាងបានមកឈរទីនេះបានគឺដោយសារនាងមិនបោះបង់ចោលខ្លួនឯងបើទោះបីនាងត្រូវបានអ្នកណា ឬអ្នកណាបោះបង់នាងចោលក៏ដោយ ។ នាងអាចឈរនៅទីនេះ នាងអាចមានថ្ងៃនេះ គឺគ្មានអ្នកណាដឹងថា នាងធ្លាប់ឆ្លងកាត់អ្វីខ្លះ ជួបឧបសគ្គអ្វីខ្លះ ទទួលសម្ពាធ ការមើលងាយយ៉ាងណាខ្លះនោះទេ ។

យ៉ាងណាបច្ចុប្បន្ន ឈិន រតនៈ គឺជាតារាចម្រៀងល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសដែលអ្នកគាំទ្ររាប់ម៉ឺននាក់ ។ បើទោះជាយ៉ាងណា មានពេលខ្លះតារាចម្រៀងរូបនៅតែនឹករលឹកទៅដល់អតីតកាលមួយចំនួនដែលធ្លាប់រងការសើចចំអក និងមើលងាយ ហើយមានពេលខ្លះនាងស្ទើរតែមិននឹកស្មានថា ខ្លួនឯងអាចធ្វើបានដូចពេលនេះថែមទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *