តារាថៃ មីន ភីរ៉ាវិច ភ្ញាក់ផ្អើលក្នុងដំណើរមកកម្ពុជាលើកដំបូង

តារាសម្ដែងថៃលោក មីន ភីរ៉ាវិច បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដំណើរមកដល់កម្ពុជាជាលើកដំបូងមានអ្នកគាំទ្រចាំទទួលជាច្រើនកុះករ រួមជាមួយសំឡេងហោរកញ្ចៀវ លាន់កងរំពងពេញផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់ ។

ដំណើរមកកម្ពុជារបស់ មីន ត្រូវបានឱ្យដឹងថា ធ្វើឡើងក្នុងគោលបំណងដើម្បីជួបអ្នកគាំទ្រនៅទីនេះ ហើយជំនួបនេះក៏បានធ្វើឡើងក្នុងឱកាសដែលផលិតកម្ម P picture ទទួលយកខ្សែភាពយន្ដរឿង «ហាងលក់មរតកខ្មោច» ដែលមានការសម្ដែងដោយផ្ទាល់ពីតារាថៃរូបនេះ មកបញ្ចាំងនៅកម្ពុជាចាប់ពីថ្ងៃទី៥ ខែសីហា តទៅ ។

យ៉ាងណាក្រោយពីជួប និងថតរូបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្រ បុរសមុខមានមន្ដសេ្នហ៍ មីន ភីរ៉ាវិច ក៏បានផ្ដល់បទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាននៅទីនោះផងដែរ ។ បើតាមរយៈអ្នកបកប្រែលោក មីន ឲ្យដឹងថា លោកពិតជាភ្ញាក់ផ្អើល និងសប្បាយចិត្ដយ៉ាងខ្លាំងដែលដំណើរមកកាន់កម្ពុជាជាលើកដំបូងទទួលបានការស្វាគមន៍យ៉ាងកក់សក្ដៅពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះក ។ អ្វីដែលពិសេសគឺបានទៅទទួលលោកដល់ព្រលានយន្ដហោះតាំងពីព្រលឹម ។

ដោយឡែកពាក់ព័ន្ធនឹងខ្សែភាពដ៏ព្រឺព្រួចរឿង «ហាងលក់មរតកខ្មោច» វិញ លោក មីន បាននិយាយថា ខ្សែភាពយន្ដមួយនេះគឺជាវណ្ណកម្មទី២ដែលលោកបានថត ហើយក្នុងខ្សែភាពយន្ដកាន់តែសាហាវសម្រាប់លោក ដោយលោកដើរជាតួអង្គបងធំប្រចាំក្រុម ដូច្នេះនិស្ស័យមិនសូវល្អប៉ុន្មានទេនៅក្នុងរឿង ។ មីន បន្តថា ប្រសិនបើមានការគាំទ្រច្រើនដូច្នេះទៀត លោកនឹងរកឱកាសមកជួបអ្នកគាំទ្រនៅកម្ពុជាជាថ្មីម្ដងទៀត ហើយលោកសង្ឃឹមថាប្រិយមិត្ដនៅកម្ពុជានឹងបានទស្សនារឿងនេះគ្រប់ៗគ្នា ។

អ្វីដែលចាប់អារម្មណ៍បំផុតនោះ ក្នុងការផ្ដល់បទសម្ភាសន៍ខាងលើតារាថៃ មីន ភីរ៉ាវ៉ិច បានសង្កត់ធ្ងន់ថា ក្រៅពីមានបំណងចង់មកជួបអ្នកគាំទ្រនៅកម្ពុជាជាថ្មីម្ដងទៀត លោកក៏ចង់មានឱកាសថតខ្សែភាពយន្ដជាមួយសិល្បករកម្ពុជាផងដែរ ដើម្បីបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក និងអាចវាយលុកទីផ្សារនៅអាស៊ីឱ្យកាន់តែខ្លាំង ។

គួរបញ្ជាក់ថា តារាសម្ដែងថៃ មីន ភីរ៉ាវិច បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងជួបអ្នកគាំទ្រក្នុងឱកាសរឿង «ហាងលក់មរតកខ្មោច» ដែលជាភាពយន្ដលោកសម្ដែង ចាក់បញ្ចាំងតាមរោងភាពយន្ដធំៗនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ខែសីហា ខាងមុខនេះតទៅ ។ មីន ក៏បានឡើងយន្ដហោះត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីជួបអ្នកគាំទ្រ និងបានចូលរួមកម្មវិធីមួយចំនួនស្ទើរពេញមួយថ្ងៃនោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *