បើមិនប្លែកមិនមែន ទេព បូព្រឹក្ស ក្នុងឈុតទាំងពីរនេះស្អាតហួសថ្លែង

តារាចម្រៀងដ៏ពេញនិយមកញ្ញា ទេព បូព្រឹក្ស រមែងតែងតែបង្ហោះនិងបង្ហាញនូវការតុបតែងខ្លួនស្អាតៗហើយប្លែកៗ ដើម្បីចែករំលែកទៅកាន់អ្នកគាំទ្ររបស់ខ្លួន ពិសេសតារាស្រីរូបនេះរមែងតែងតែងព្យាយាមបញ្ចូលនូវឈុតបុរាណដើម្បីចូលរួមផ្សព្វផ្សាយអភិរក្សឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ និងអត្តសញ្ញាណជាតិ។

ជាក់ស្តែងបើក្រឡេងមកមើលរូបថតជាច្រើនសន្លឹកដែលនាង បានបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះវិញ ឃើញថា ទេព បូព្រឹក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលសម្រាប់ការតុបតែងខ្លួនបែបថ្មី ជាឈុតបែបប្រពៃណី យ៉ាងស្រស់ស្អាតដោយមានរចនាម៉ូត ជារូបឧបករណ៍ភ្លេងខ្មែរ គឺរូបរាងចាប៉ីដងវែង ទំនងជាចង់បង្ហាញនូវសម្បត្តិសិល្បៈមួយនេះ ដែលត្រូវបានចុះបញ្ជីរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយក៏ពិតមែន តែហាក់មិនសូវមានកូនខ្មែរជំនាន់ក្រោយចាប់អារម្មណ៍ និងចូលរួមថែរក្សានោះទេ។ ម្យ៉ាងទៀត អ្នករៀនសូត្របន្តពីចាស់ទុំក៏មានតិចតួចដែរ។

ក្រៅអំពីឈុតចាប៉ីដងវែង តារាចម្រៀងសម្បូរទ្រព្យរូបនេះក៏បានបង្ហាញនូវឈុតឆាកមួយទៀតគួរឲ្យចាប់អារម្មណ៍ដូចគ្នា នោះគឺជាតុបតែងតាមរបៀបល្ខោនខោល ប៉ុន្តែមិនបានពេញលេញដូចទម្រង់ដើមនោះទេ។ ប៉ុន្តែតាមរយៈការស្លៀកពាក់នោះធ្វើឲ្យគេអាចសម្គាល់បានថា នាងចង់បង្ហាញពីសិល្បៈបុរាណប្រភេទនេះ បន្ទាប់ពីសម្បត្តិបេតិកភណ្ឌមួយនេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយនៃពិភពលោកកាលពី៣ឆ្នាំមុន។

ទោះបីជាយ៉ាងណា បើក្រឡេកមើលទស្សនៈអ្នកគាំទ្រវិញ ឃើញថា ភាគច្រើនបានពោលសរសើរនូវគំនិតច្នៃប្រឌិត និងបំណងចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌជាតិរបស់តារាស្រីរូបនេះ។ ព្រោះក្រៅពីភាពស្រស់ស្អាតទាក់ទាញចំណាប់អារម្មណ៍ហើយនោះនោះ វាបានបង្កប់នូវគំនិតស្នេហាជាតិទៅតាមជំនាញសិល្បៈ និងប្រជាប្រិយភាពរបសខ្លួន ដែលពិតជាបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលទៅដល់អ្នកគាំទ្ររបស់នាង ទោះបីជានាង និងសង្សារជាតារាចម្រៀងសម័យយ៉ាងណាក៏ដោយ។

ម្យ៉ាងទៀត ទោះបីជាបទចម្រៀងសម័យញាក់កន្ត្រាក់អារម្មណ៍ដែលរូបនាងបានផលិតឡើង ក៏បានបញ្ចូលនូវទស្សនីយភាពសិល្បៈបុរាណជាពិសេសល្ខោនខោលផងដែរ ដែលមិនសូវមានតារាចម្រៀងសម័យណាគិតដល់ចំណុចនេះឡើយ។ ជាក់ស្ដែងដូចជាបទ “Top of the Lady” នាងបានចំណាយរាប់ម៉ឺនដុល្លារ ដោយបញ្ចូលនូវឈុតឆាករបាំខ្មែរក្រោមការជ្រោមជ្រែងណែនាំពីសិល្បករបុរាណវ័យចំណាស់លោកគ្រូ ព្រឿង ឈាង ជាដើម។

ដោយក្នុងបទចម្រៀងមួយនេះដែរ បង្ហាញពីអត្តសញ្ញាណដ៏ចំណាស់របស់ប្រទេសកម្ពុជា ជាមួយតួអង្គដ៏សំខាន់មួយគឺ ហនុមាន (ស្តេចមេទ័ពស្វាស) ដែលជាតួអង្គមួយរូបបានឆ្លុះបញ្ចាំងអំពីវីរភាព សេចក្តីក្លាហាន និង ភាពតស៊ូ ស្មោះត្រង់ ប្រកបដោយគុណធម៌ និង បញ្ញា។

តារាស្រីរូបនេះធ្លាប់បានអះអាងថា នេះជាអ្វីដែលក្នុងនាមអ្នកជំនាន់ក្រោយបានធ្វើគប្បីនឹងមនសិការខ្លួនឯង និងគប្បីចំពោះព្រលឹងដូនតាខ្មែរក្នុងការថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ទោះបីជានាងបានចំណាយច្រើន ហើយគ្មានចំណូលមកវិញយ៉ាងណាក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *