ពេជ្រ សោភា មិនអាចលុបមនុស្សម្នាក់ចេញពីបេះដូងឡើយ

មួយរយៈចុងក្រោយនេះ ពេជ្រ សោភា ត្រូវបានគេសង្កេតឃើញថា តែងតែបង្ហាញនូវអារម្មណ៍ក្រៀមក្រំជាបន្ទាប់បន្តនៅលើបណ្ដាញសង្គម ពោលគឺបន្ទាប់ពីនាងបានចែកផ្លូវគ្នាជាគូស្នេហ៍លោក ឆឹម សក្កដា ។

ជាក់ស្ដែងម្សិលមិញនេះតារាចម្រៀងក្រោមទ្រនំហង្សមាសរូបនេះបានបង្ហោះនូវសំណេរដ៏ចាប់អារម្មណ៍មួយ ដែលនិយាយពីការនឹករលឹកដល់មនុស្សម្នាក់ដែលបានបែកគ្នា ហើយការបែកគ្នានោះគឺព្រោះតែរឿងយល់ច្រឡំ ។ ពេលវេលាដដែលនោះ ពេជ្រ សោភា ក៏បានបញ្ជាក់ថា នាងពិតជានឹកគេ បើទោះជាចង់លុបគេចេញពីចិត្តតែមិនអាចធ្វើបាន ហើយក៏គ្មានអ្នកអាចជំនួសម្នាក់នោះបានថែមទៀតផង ។

សំណេរនោះនាងនិយាយថា៖ «ខ្ញុំកាន់តែច្បាស់ថាខ្ញុំកាន់តែនឹកគេ ចង់លុបគេចេញពីចិត្តតែធ្វើមិនបាន ក្នុងចិត្តគ្មានអ្នកណាក្រៅពីអ្នក ។ ការយល់ច្រឡំធ្វើឱ្យពួកយើងឆ្ងាយពីគ្នា» ។

គេមិនដឹងថា ការបង្ហោះខាងលើនេះ ពេជ្រ សោភា ចង់និយាយទៅកាន់បុគ្គលណាម្នាក់ ឬជាភាសានៅក្នុងព្រះគម្ពីរឡើយ ប៉ុន្តែការបង្ហោះនេះគឺ ពេជ្រ សោភា បានធ្វើឡើងក្រោយបែកគ្នាពីអតីតគូស្នេហ៍លោក ឆឹម សក្កដា និងខណៈដែលបច្ចុប្បន្នអ្នកទាំងពីរកំពុងរស់នៅឆ្ងាយពីគ្នា ។

សូមរំលឹកថា ចំណងស្នេហ៍តារាចម្រៀងហង្សមាស ពេជ្រ សោភា និងតារាម៉ូឌែល ឆឹម សក្កដា បានឈានដល់ផ្លូវបំបែកកាលពីប៉ុន្មានខែកន្លងទៅ ក្រោយបង្កើតរូបភាពអនុស្សាវរីយ៍ជាមួយគ្នារយៈពេលជាង៥ឆ្នាំ ។ ការបែកបាក់នោះអ្នកទាំងពីរមិនបានទម្លាយពីមូលហេតុច្បាស់លាស់ឡើយ ខណៈជារឿយៗពួកគេតែងតែរំលេចសំណេរក្រៀមក្រំ និងនឹករលឹកដល់គ្នា ។ ប៉ុន្តែបើយោងតាមសំណេរខាងផ្ដើមចេញពីការយល់ច្រឡំមកលើគ្នា។

ជាក់ស្ដែងថ្ងៃខួបកំណើតរបស់ ពេជ្រ សោភា កាលពីខែមិថុនាកន្លងទៅ ឆឹម សក្កដា នៅតែចងចាំ និងបានផ្ញើនំខេក អមជាមួយសំណេរជូនពរពីចម្ងាយដល់អតីតសង្សាររូបនេះ ។ តាមរយៈសកម្មភាពទាំងនោះអាចបញ្ជាក់បានថា បើទោះបីជា ឆឹម សក្កដា បានបែកបាក់ស្នេហ៍ជាមួយ ពេជ្រ សោភា ក៏ដោយ ប៉ុន្តែក្នុងចិត្តតារាប្រុសរូបនេះហាក់នៅមិនទាន់ភ្លេចនូវស្នាកស្នាមអនុស្សាវរីយស្នេហាចាស់នៅឡើយ ។

កន្លងមក ឆឹម សក្កដា ក៏ធ្លាប់លើកឡើងថា បើទោះបីជាលោក និងពេជ្រ សោភា បានបែកបាក់ស្នេហាគ្នាក៏ដោយ ប៉ុន្តែលោកក៏នៅរាប់អាននាងជាមិត្តភក្តិធម្មតាដដែល ហើយ ប្រសិនបើលោកមានស្នេហាថ្មី លោកទំនងជាមិនយកអ្នកសិល្បៈដូចគ្នាឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *