អតីតតារាសម្ដែង ស៊ុក សុភា សរសើរ សាពូន មីដាដា រឿងមួយ

ថ្មីៗនេះអតីតតារាចម្រៀងលោក សាពូន មីដាដា បានបង្ហើរសំនៀងលើបទចម្រៀងចាស់របស់ខ្លួនមួយបទដែលមានចំណងថា «បុរសម្នាក់ដែលគិតដល់អូន» ដោយមានកូនស្រី តារាភិមាន ជាអ្នកលេងភ្លេងកំដរ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។

តាមរយៈវីដេអូចម្រៀងរួមជាមួយកូនៗទាំងពីរដែលជាតំណក់ឈាមរួមអតីតភរិយាអ្នកនាង សឿ សុធារ៉ា សភាពរាងកាយរបស់លោក សាពូន មីដាដា ហាក់មានការប្រែប្រួលទៅតាមវ័យ ។ ប៉ុន្តែមានរឿងមួយដែលអតីតតារាចម្រៀងល្បីរូបនេះនៅតែអាចធ្វើឱ្យអ្នកគាំទ្រស្ញើចសរសើរនោះ គឺទឹកដមសំឡេងរបស់លោកនៅតែពីរោះខ្លាំងមិនខុសពីជាង១០ឆ្នាំមុនឡើយ ។

លោក ស៊ុក សុភា អតីតតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបកាលពីជាង១០ឆ្នាំមុន បច្ចុប្បន្នកំពុងរស់នៅប្រទេសអូស្ត្រាលីក៏បានលាន់មាត់ចំពោះទឹកដមសំនៀងរបស់លោក សាពូន មីដាដា ផងដែរ ។ ដោយតាមរយៈសំណេរនៅក្នុងខមិនលោក ស៊ុក សុភា បាននិយាយសរសើរទៅកាន់អតីតតារាចម្រៀងលោក សាពូន មីដាដា ដែលជាមិត្តសម្លាញ់យ៉ាងដូច្នេះថា «សម្លេងនៅតែពីរោះដដែលសម្លាញ់» ។

សូមបញ្ជាក់ថា អតីតតារាចម្រៀងល្បីឈ្មោះលោក សាពូន មីដាដា បានបញ្ចប់អាជីពរបស់ខ្លួនជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែបើទោះជាបានឃ្លាតឆ្ងាយពីអាជីពច្រើនឆ្នាំហើយក្ដី លោក សាពូន មីដាដា នៅតែមានទឹកដមសំឡេងពីរោះមិនខុសពីមុននោះឡើយ ។

ជារឿយៗគេក៏តែងឃើញអតីតស្វាមីអ្នកនាង សឿ សុធារ៉ា ស្រែកច្រៀងកំដរអារម្មណ៍ ជាពិសេសនៅពេលដែលលោកនៅក្បែរកូនៗរបស់លោក ។ បច្ចុប្បន្នលោក សាពូន មីដាដា កំពុងតែបង្ហាត់បង្រៀនកូនស្រីគឺកុមារី សាពូន តារាភិមាន ឱ្យបន្តវេនរបស់ខ្លួន និងអតីតភរិយាឱ្យក្លាយជាតារាចម្រៀងផង និងតារាសម្ដែងផងតាមក្ដីស្រម៉ៃ និងបំណងប្រាថ្នារបស់គេ (កុមារី សាពូន តារាភិមាន) ៕

Leave a Reply

Your email address will not be published. Required fields are marked *