ក្រុមកំប្លែង «អូនសំភី អូនម៉ាប់» លើកដៃអង្វរកមហាជនសុំឱ្យទុកផ្លូវដើរ ក្រោយមានការរិះគន់ថា ប្រើពាក្យអសុរោះ

ក្រុមកំប្លែងសិល្បៈក្មេងៗមួយក្រុមដែលមានឈ្មោះថា អូនសំភី និងអូនម៉ាប់ បានកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ខណៈវីដេអូភាគច្រើនមានអ្នកចូលទស្សនារាប់លានដង ។

យ៉ាងណាទន្ទឹមនឹងមានសន្ទុះនៃការគាំទ្រនោះ ក្រុមកំប្លែងកុមារខាងលើត្រូវបានតារាហ្វេសប៊ុកដ៏មានឥទ្ធពលម្នាក់ប្រត្តិកម្មខ្លាំងៗ និងឈានដល់ប្រើពាក្យសម្ដីស្នើឱ្យហៅអ្នកបង្កើតមាតិការមកវាស់កម្ពស់ថែមទៀតផង ។ ដោយតារាហ្វេសប៊ុកដែលមានឈ្មោះថា ឡាយ ប៊ុនឡេង រូបនោះបាននិយាយថា៖ «ខ្ញុំគិតថា អ្នកបង្កើតបែបនេះសមគួរហៅមកវាស់កម្ពស់. ក្មេងមិនទាន់គ្រប់អាយុទេ តែជេរពេញមាត់ គ្មានអ្នកណាខ្វល់ហើយនាំគ្នាសើចថាល្អមើល…? ម៉េចចឹង? ល្អមើលត្រង់ណា?ចុះប្រិយមិត្តយល់យ៉ាងណាដែរ?» ។

ការប្រតិកម្មមួយនេះ បានបង្កើតឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចេញមុខវែកញែកយ៉ាងក្ដៅគគុក ដោយខ្លះលើកមតិស្របគំនិតតារាហ្វេសប៊ុកមួយនេះ និងខ្លះទៀតលើកមតិផ្ទុយ ដោយអះអាងថា នោះគ្រាន់តែជាសិល្បៈសម្ដែងតែប៉ុណ្ណោះ ។

ក្រោយពីមានការវែកញែកតឹងសរសៃកដាក់គ្នាដូច្នោះ ថ្មីៗនេះក្រុមកំប្លែងក្រុម អូនសំភី និងអូនម៉ាប់ ក៏បានចេញវីដេអូសុំអភ័យទោសមហាជនជាសាធារណៈ និងបានលើកដៃអង្វរកសូមឱ្យទុកផ្លូវ និងកុំយកទោសអូសដំណើរ ព្រោះនោះគ្រាន់តែជាសិល្បៈនៃការសម្ដែងបែបកំប្លែង និងជាភាសាតាមតំបន់តែប៉ុណ្ណោះ ។

ក្រុមអូនម៉ាប់ បានអង្វរកយ៉ាងដូច្នេះ៖ «ឱ្យពួកអូនសុំទោសដែលធ្វើឱ្យបងប្អូនគាំទ្រតឹងសរសៃ.កដាក់គ្នាក្នុងការខមិនជជែកគ្នាក្នុងហ្វេសប៊ុក តិកតុក ពួកអូនគ្រាន់តែសម្តែងសិល្ប:បែបកំប្លែង និយាយភាសាតំបន់ និយាយអត់ច្បាស់… វាគ្រាន់តែជាសិល្បៈសម្តែងទេ សូមកុំយកទោសពៃអូនអី សូមទុកផ្លូវឱ្យអូនបានដើរទៅមុខផងគ្រាន់បានចំណូលពីការផ្សាយផលិតផល សម្រាប់ជួយគ្រួសារ និងទិញសម្ភារៈ (ពេលពុកម៉ែបងប្អូនសម្លឹងចំកែវភ្នែកអូនៗតើមានអារម្មណ៍ថាអាណិតខ្លះទេ)» ។

គួរបញ្ជាក់ថា ក្រុមកំប្លែងក្រុម អូនសំភី និងអូនម៉ាប់ គឺជាក្រុមកំប្លែងកុមារមួយក្រុមដែលកំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈការសម្ដែងវីដេអូខ្លីៗនិយាយពីការរស់នៅប្រចាំថ្ងៃ ប្ដីប្រពន្ធ ស្នេហា និងវីដេអូកំប្លែង ដោយនៅក្នុងវីដេអូទាំងនោះត្រូវបានគេសង្កេតឃើញថា បានប្រើនូវពាក្យពេចន៍អសុរោះ និងការជេរបញ្ចោរផ្សេងៗ ជាហេតុធ្វើឱ្យមានការអ្នកទស្សនាមួយចំនួនសម្ដែងការមិនពេញចិត្ត និងចេញមុខប្រតិកម្ម ជាក់ស្ដែងដូចជាតារាហ្វេសប៊ុកវ័យក្មេងលោក ឡាយ ប៊ុនឡេង ជាដើម ។

បើទោះជាយ៉ាងណា ការប្រតិកម្មទាំងនោះត្រូវបានក្រុមកំប្លែង អូនសំភី និងអូនម៉ាប់ ចេញមុខសុំទោសជាសាធារណៈ និងសូមកុំយកទោសអូសដំណើរ ព្រោះនោះគ្រាន់តែជាសិល្បៈនៃការសម្ដែងបែបកំប្លែង និងជាភាសាតាមតំបន់។

ក្នុងនោះដែរក៏មានអ្នកគាំទ្រមួយចំនួនចាត់ទុកថា អ្នកចេញវីដេអូមកប្រតិកម្មមួយចំនួន គ្រាន់តែដើម្បីតោងយកល្បីដែរប៉ុណ្ណោះ មិនមែនជាការរិះគន់បែបស្ថាបនានោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *