សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» សម្ពោធជាផ្លូវការហេីយ

ក្រុមអ្នកនិពន្ធ បានចងក្រងយ៉ាងសម្រិតសម្រាំងនូវខ្លឹមសារប្រកបដោយគុណតម្លៃ អស់រយៈពេលជាង ២ឆ្នាំ ទម្រាំសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» រហូតបានសម្រេចជាស្ថាពរ និងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាច្រេីនស្ថាប័ន។

បេីតាមឯកឧត្តមបណ្ឌិត ងិន បាណាល់ អ្នកដឹកនាំចងក្រងសៀវភៅ«អាថ៌កំបាំងពីក្រោយភាពជោគជ័យ របស់អ្នកឧកញ៉ា បណ្ឌិត សុខ គង់» បានលើកឡើងដែរថា សៀវភៅមួយក្បាលនេះ បានលាតត្រដាងនូវខ្សែជីវិត របស់បុគ្គលឆ្នើម ក្នុងវិស័យធុរកិច្ច ជីវិតតស៊ូតាំងពីកុមារភាព បទពិសោធ ការងារធ្វើអាជីវកម្មមុនពេលភ្លើងសង្គ្រាមផ្ទៃក្នុងកម្ពុជាចាប់ផ្តើម អាជីវកម្មក្នុងអណ្តាតភ្លើងសង្គ្រាម ការដោះដូរទំនិញ និងឈានដល់ការចាប់ផ្តើមធ្វើជំនួញធំៗ ជាច្រើននៅកម្ពុជា ក្រោយសម័យរំដោះឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន និងសកម្មភាពចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកសាងសង្គមសេដ្ឋកិច្ច ក្នុងសម័យសន្តិភាព ឱ្យមានការអភិវឌ្ឍ។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំអំពីប្រពៃណីវប្បធម៌ ជំនឿ សាសនា មុខរបរ សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ទំនាក់ទំនងបរទេស សម្រាប់អ្នកជំនាន់ក្រោយបានឈ្វេងយល់ និងស្រាវជ្រាវផងដែរ។

សៀវភៅទាំងមូល គឺផ្ដោតលេីខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស និងសម្រង់សំដីប្រកបដោយគតិបណ្ឌិត ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកឧកញ៉ាបណ្ឌិត ដែលនាំមកនូវភាពជោគជ័យរហូតមក ដែលអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនអាចក្រេបជញ្ជក់យកចំណេះដឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងមុខរបរក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា អ្នកឧកញ៉ា សុខ គង់ តែងតែប្រៀនប្រដៅ ដល់កូនចៅ និងយុវជនជំនាន់ក្រោយ ធ្វើអ្វីក៏ដោយត្រូវតែមានភាពស្មោះត្រង់ ត្រូវចេះសន្សំសំចៃ កុំចាយខ្ជះខ្ជាយពេក សន្សំដើម្បីកូនចៅជំនាន់ក្រោយ ក្នុងន័យកសាងគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។

អ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា ដំណើរជីវិតចាប់ពីចំណុចសូន្យរហូតដល់មានលុយ មានដំណើរដើមទងច្រើន ប៉ុន្តែបានរំលេចនៅក្នុងសៀវភៅខាងលើនេះទាំងអស់។ ទោះយ៉ាងណា អ្នកឧកញ៉ាបានរំលេចនៅចំណុចមួយថា បើជីវិតធ្លាក់ដល់ចំណុចសូន្យ គេមើលងាយណាស់ ទៅណាមកណា ក៏គេមិនហៅមិនចង់រាប់អាន ដូច្នេះមានលុយ ត្រូវតែចាយដោយសន្សំសំចៃខ្ពស់។

អ្នកឧកញ៉ាបណ្ឌិតបានលេីកឡេីងថា៖ «ខ្ញុំឧស្សាហ៍ប្រាប់កូនចៅ តែអត់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងត្រូវខំ ប្រឹងសន្សំសំចៃឡើង ដើម្បីមានលុយអភិវឌ្ឍខ្លួន និងវិនិយោគ»។

សូមបញ្ជាកលថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានចងក្រង ផលិតឡេីងដោយមិនរកប្រាក់ចំណេញ និងបានបោះពុម្ពជាលើកដំបូងចំនួន ១.០០០ក្បាលដែល គ្រោងនឹងដាក់តម្កល់នៅបណ្ណាល័យជាតិ តាមបណ្ណាគារធំៗ និងតាមបណ្ណាល័យក្នុងសាកលវិទ្យាល័យមួយចំនួនសម្រាប់ជាប្រយោជន៍ដល់អ្នកអាន ជាពិសេសយុវជនជំនាន់ក្រោយដែលចង់វិវដ្តខ្លួនក្លាយជាបុគ្គលជោគជ័យដូចអ្នកឧកញ៉ាបណ្ឌិត សុខ គង់។

Leave a Reply

Your email address will not be published. Required fields are marked *