ឧកញ៉ា ឡេង ប្រុស៖ សិល្បៈជាដួងព្រលឹង និងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ

ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាង​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាព​​កម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម​ប្រធានបទ “ព្រឹត្តិការណ៍សម្តែងល្ខោនខោល​ដ៏​អស្ចារ្យ” កាលពី​ថ្ងៃសៅរ៍ ទី​២៦ ខែ​វិច្ឆិកា នៅ​សាល​មហោស្រព​កោះពេជ្រ។

ក្នុងឱកាសនោះ ឧកញ៉ា ឡេង ប្រុស ក៏បានអញ្ជើញថ្លែង​​សន្ទរកថាដ៏មានអត្ថន័យខ្លឹមសារជ្រាលជ្រៅដែលរំលេចអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និនិងអរូបីដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតដល់សព្វថ្ងៃមិនត្រឹមតែ ជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើង​គួរជាទីស្ញប់ស្ញែង​នៃ​មនុស្សជាតិ​ប៉ុណ្ណោះទេ  ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភា្ជប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គម​និងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ​ប្រកប​ដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាថ្លែងគូសបញ្ជាក់ថា ក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើបបានញ៉ាំង​ឱ្យ​សង្គម​មានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យ​មរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។ ការណ៍នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

ថ្លែងនៅចំពោះមុខសិល្បៈករ ឧកញ៉ា ឡេង ប្រុស បានបញ្ជាក់​បន្ថែមថា៖ “ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរ ស្រឡាញ់និងឱ្យតម្លៃខ្ពស់ចំពោះវប្បធម៌​អរិយធម៌​ដ៏ល្អ​ផូផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជូនដល់​ប្រជាជាតិ​ខ្មែរ​យើងសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា កម្មវិធីដ៏មានអន្ថន័យនេះ គឺជាផ្នែកមួយ ដែលនឹងបន្តបំផុសការចូលរួមរបស់យុវជន ឱ្យ​ស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោន​ខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នា មិនត្រឹមតែថែរក្សាការពារ ឱ្យ​បានស្ថិតស្ថេរគង់វង្សប៉ុណ្ណោះទេ តែត្រូវជំរុញលើក​ស្ទួយ​ផ្សព្វផ្សាយ​សិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ទាំងក្នុងតំបន់ និងសកលលោក ដូចទៅនឹង​ពាក្យ​ស្លោកបុរាណយើងតែងលើកថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាង»”។

នៅក្នុងឱកាសនេះដែរ ឧកញ៉ា ឡេង ប្រុស ដំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បាន​នាំយក​ថវិកា​​ចំនួន ៣​ពាន់​ដុល្លារ​អាមេរិក ​​ឧបត្ថម្ភ​ជូន​ដល់កម្មវិធី ទិវាបេតិកភណ្ឌលើកទី៥ ផងដែរ។ សូមជម្រាបថា កម្មវិធីនេះរៀបចំ​ដោយ សាលាសិល្បៈហ៊្វូណន និងសាលារបាំបុប្ផាទេ ដើម្បីអបអរសាទរខួប០៤ឆ្នាំ​នៃ​ល្ខោនខោល ខួប១៩ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួប១៧ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប០៥ឆ្នាំនៃចាប៉ីដងវែងខ្មែរ ដែលចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO)៕

Leave a Reply

Your email address will not be published. Required fields are marked *