បេក្ខភាព Miss Teen International Cambodia 2023 យុវតី លី មួយលាង បានកំពុងធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាចាប់អារម្មណ៍ជាខ្លាំងអំពីសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាតបន្ទាប់ពីរូបគេបានឆ្លងផុតវគ្គជម្រុះនៃកម្មពិធីលំដាប់អន្តរជាតិ Miss Teen International Cambodia កាលពីពេលថ្មីៗកន្លងទៅ ។
តាមការសង្កេតក្រោយបង្ហាញវត្តមានលេីឆាកប្រកួតនៃកម្មវិធីដ៏ពេញនិយមខាងលើ យុវតីវ័យ១៥ឆ្នាំមកពីរាជធានីភ្នំពេញ លី មួយលាង ត្រូវបានគេដាក់រហស្សនាមថា ជាបេក្ខភាពជើងខ្លាំងម្នាក់ក្នុងចំណោមបេក្ខភាពជាច្រើន ពោលបើទោះបីជាកន្លងមកមិនធ្លាប់បានហាត់រៀន និងមិនមានឈាមជ័រជាអ្នកសិល្បៈ តែយុវតីវ័យ១៥រូបនេះមានសមត្ថភាពពិសេសលើសពីបេក្ខភាពដទៃ ដោយរូបគេអាចដើរម៉ូតបានយ៉ាងល្អ និងស្ទាត់ជំនាញដូចជាតារាតារាម៉ូឌែលអាជីព ជាពិសេសយុវតី លី មួយលាង ត្រូវបានអ្នកគាំទ្រជាច្រើនពោលសរសើរថា មានរូបសម្រស់ស្រស់ស្អាតអាចនឹងឡើងដល់វគ្គកំពូលនៃការប្រកួតនេះថែមទៀតផង ។
ថ្លែងតាមទូរស័ព្ទប្រាប់ តារាញូស៍ សិស្សឆ្នើមនៃសាលាមីគីវេរូបនេះបានឱ្យដឹងថា ខ្លួនមានក្ដីស្រម៉ៃចង់ក្លាយជាម្ចាស់មកុដនៃកម្មពិធីដ៏អស្ចារ្យនេះ គឺដើម្បីបង្ហាញសសមត្ថភាពដែលខ្លួនមាននៅលើឆាកអន្តរជាតិ និងចង់ឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ។
បន្ថែមពីនេះយុវតីកម្ពស់១.៦២cm លី មួយលាង បានបន្តដោយបង្ហាញពីគោលជំហរ និងឆន្ទៈទៀតថា បើទោះជាខ្លួនមិនមានឈាមជ័រខ្សែស្រឡាយអ្នកសិល្បៈ តែខ្លួនពិតជាស្រលាញ់វិស័យបវរកញ្ញានៅកម្ពុជា និងចង់សម្រេចឱ្យបានក្ដីស្រមឡៃនេះនៅថ្ងៃណាមួយ ។ បើទោះជាយ៉ាងណាក្ដីស្រម៉ៃរបស់ខ្លួនអាចសម្រេចបានក៏អាស្រ័យទៅលើមហាជនជួយគាំទ្រផងដែរ ដូច្នេះខ្លួនពិតជាសុំណូមពរដល់មហាជន ជាពិសេសអ្នកដែលស្នេហាវិស័យបវរកញ្ញាទាំងអស់ជួយគាំទ្រដល់រូបនាងផង ។
សូមបញ្ជាក់ថា យុវតី លី មួយលាង ជាបេក្ខភាពជើងខ្លាំងម្នាក់ក្នុងការប្រកួត Miss Teen International Cambodia 2023 ដែលត្រូវបានគេសន្និដ្ឋានថា នឹងអាចនាំមកនូវមុខមាត់ជូនជាតិ ក្រោយពីបានឆ្លងផុតវគ្គជម្រុះកាលពីពេលកន្លងទៅ ខណៈនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះយុវតី លី មួយលាង នឹងធ្វើការប្រកួតជាបន្តទៀតក្នុងវគ្គ Audition នៅផ្សារទំនើបអ៊ីអនសែនសុខ ដែលក្នុងនោះមានបេក្ខជនប្រកួតប្រមាណជិត៣០០នាក់ ហេីយគេជឿជាក់ថា យុវតីរូបនេះនឹងអាចឡេីងទៅកាន់វគ្គបន្ត ៕