ទឹកចិត្តខ្មែរជួយខ្មែរ! សិល្បករមួយចំនួនខ្នះខ្នែងជួយគ្រួសារជនរងគ្រោះលិចទូកដនៅភូមិកោះចំរើន

សោកនាដកម្មលិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដេក ខេត្តកណ្ដាល ដែលបណ្ដាលឱ្យសិស្សានុសិស្សចំនួន១១នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរួចផុតជីវិត ។ ឧបទ្ទវហេតុដ៏សែនសោកសង្រេងស្ទើររកទីបំផុតគ្មាននោះធ្វើឱ្យប្រជាជនកម្ពុជាតក់ស្លុតសោកស្ដាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃជនរងគ្រោះ ។

រយៈកាលកន្លងមក ជាមួយគ្នានឹងការសម្ដែងនូវសមានទុក្ខក្រៀមក្រំពីសំណាក់មហាជនទូទាំងប្រទេស គេឃើញសប្បុរសជនមួយចំនួនខិតខំខ្នះខ្នែងស្វែងរកជំនួយដល់គ្រួសារជនរងគ្រោះផងដែរ ដែលនេះបង្ហាញពីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងគ្រាលំបាកនេះ។ ក្នុងនោះក៏មានសិល្បករសិល្បការិនីមួយចំនួនបានខ្នះខ្នែងស្វែករកជំនួយតាមរយៈបណ្ដាញសង្គមដើម្បីចូលរួមជួយសម្រាលការលំបាក និងទុក្ខដ៏សោកសង្រេងរកទីបំផុតគ្មាននេះ ។

ជាក់ស្ដែងប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយនឹងអារម្មណ៍សោកស្ដាយ និងការចូលរួមរំលែកទុក្ខ អ្នកនាងបាននាំយកថវិកាសប្បុរសជនដោយផ្ទាល់ប្រមាណជា ៣៥លានរៀល ទៅចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងសម្រួលដល់ការលំបាកចំពោះមុខ។

ដោយឡែក តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ក៏បាននាំយកថវិកាប្រមាណជា១ម៉ឺនដុល្លារបន្ថែមទៀត ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃជនរងគ្រោះដល់កន្លែងកើតហេតុ ក៏ដូចជាជួបសួរសុខទុក្ខសិស្សានុសិស្សដែលរួចផុតជីវិតពីឧបទ្ទវហេតុនោះក្នុងនោះថវិកាប្រមាណ៣០០០ដុល្លារបានពីអ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និងប្រមាណជា៧០០០ដុល្លារទៀត បានមកពីមហានទូទៅដែលបានឃើញការប្រកាសរបស់លោកលើបណ្ដាញសង្គម។

ទន្ទឹមគ្នានោះអតីតតារាសម្ដែងអ្នកនាង វ៉ាង ស្រីណូ ក៏បានបង្ហាញពីភាពស្ដាយស្រណោះ និងសង្រេងចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំង១១នាក់ និងបានចូលរួមរំលែកនូវការលំបាកក្រុមគ្រួសារសពនីមួយៗនូវថវិកាចំនួន១០០ដុល្លារ និងសិស្សនុសិស្សដែលរួចផុតជីវិតទាំង៤នាក់ម្នាក់ៗចំនួន២០០ដុល្លារ ដោយថវិកានោះអ្នកនាង វ៉ាង ស្រីណូ នឹងនាំយកទៅប្រគល់ជូនក្រុមគ្រួសារដោយផ្ទាល់នៅថ្ងៃបុណ្យគម្រប់៧ថ្ងៃខាងមុខនេះ ។

យ៉ាងណាម៉ិញ តាំងពីថ្ងៃកើតហេតុមកដល់ពេលនេះ តារាសម្ដែងជើងចាស់ លោក សាវិន ហ្វីលីព បានចេញចូលនៅភូមិកើតហេតុជាញឹកញាប់ ដើម្បីនាំយកថវិការបស់សប្បុរសជនជាច្រើនទៅចូលបុណ្យគ្រួសារជនរងគ្រោះតាមការអំពាវនាវរបស់លោកផងដែរ។

សូមរំលឹកថា មានករណីលិចទូកដចម្លងដ៏រន្ធត់មួយបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបណ្ដាលឲ្យសិស្សានុសិស្ស១១នាក់បាត់បង់ជីវិត បន្សល់ទុកនូវការសោកស្ដាយ និងទុក្ខសោកសង្រេងសម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូល ។ សពរបស់ជនរងគ្រោះជាសិស្សសាលាទាំងនោះ ត្រូវបានតម្កល់ធ្វើបុណ្យរួមគ្នានៅវត្តកំពង់ភ្នំ ។

បើតាមព្រះគ្រូចៅងធិការវត្ត ភាគច្រើននៃជនរងគ្រោះដែលបានបាត់បង់ជីវិតនោះ ជាគ្រួសារក្រីក្រ ដែលមានម្ដាយធ្វើការរោងចក្រកាត់ដេរ និងឪពុកធ្វើស្រែចម្ការបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺឪពុកម្ដាយរបស់ពួកគេមានជីវភាពខ្វះខាតតែម្ដង ។ ទោះបីជាយ៉ាងណា តាមរយៈសន្ដានចិត្តរបស់សប្បុរសជននាពេលកន្លងមក បានចូលរួមមួយផ្នែកទៅលើជីវភាពរបស់ពួកគាត់ និងរួមចំណែកផ្ដល់នូវភាពកក់ក្ដៅផ្លូវចិត្តមួយផ្នែកផងដែរ ខណៈពួកគាត់កំពុងតែជួបទុក្ខសោកសង្រេងពីការបាត់បង់កូនចៅជាទីស្រឡាញ់ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *