បន្ទាប់ពីឈ្នះពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង សាងបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមហាជនស្ទើរទូទាំងប្រទេស ហើយស្របពេលជាមួយគ្នានេះកំលោះតូច លីម តិចម៉េង ក៏ត្រូវបានផលិតកម្មហង្សមាសចេញបទឱ្យភ្លាម និងកំពុងត្រៀមបង្ហាញនូវស្នាដៃដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ។
ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះមានវីដេអូបែកធ្លាយជាច្រើនពីសកម្មភាពថត MV ដំបូងរបស់ម្ចាស់ពានជាកូនអ្នកកំពង់ចាមរូបនេះ ដោយក្នុងនោះក៏មានទាំងវត្តមានរបស់តារាកំប្លែងជើងចាស់ពីរដួងគឺនាយ កុយ និងនាយ ក្រឹម និងម្ចាស់ពាន The Voice Kid រដូវកាលទី១ ពេជ្រ ថៃ ក៏បានចូលរួមសម្ដែងផងដែរ ។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ជាងនេះទៀតនោះ គឺថ្មីៗនេះតារាសម្ដែងស្រីដ៏ពេញនិយម សិទ្ធី នីកា បានទម្លាយរូបភាពជាច្រើនសន្លឹកជាមួយកំលោះតូច លីម តិចម៉េង នៅទីវត្តអារ៉ាម ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងថា ទំនងជាអ្នកទាំងពីរកំពុងរួមគ្នាថតបទថ្មីណាមួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។
បើទោះជាយ៉ាងណានៅមិនទាន់មានការបញ្ជាក់ច្បាស់ពីសាមីអ្នកពាក់ព័ន្ធឡើយ តែបើតាមរូបភាពខាងលើនេះ សិទ្ធ នីកា និង លីម តិចម៉េង ទំនងជាកំពុងត្រៀមចេញMVជាមួយគ្នាពិតមែន ហើយ សិទ្ធី នីកា ជាតារាស្រីទីមួយហើយដែលបានក្លាយជាដៃគូសម្ដែងជាមួយម្ចាស់ពាន Cambodian idol រដូវកាលទី៤កំពុងមានភាពល្បីល្បាញរូបនេះ ។
គួរបញ្ជាក់ថា ក្រោយពេលក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤មិនទាន់បានមួយខែផងប្រជាប្រិយភាពរបស់តារាចម្រៀងប្រុស លីម តិចម៉េង មានការកើនឡើងជាលំដាប់ ដែលទីផ្សាររបស់អតីតក្មេងឃ្វាលគោរូបនេះហក់ឡើងយ៉ាងខ្លាំង ។ អ្វីដែលមិនស្មានដល់ឈ្នះពានមិនទាន់បានប៉ុន្មានផង លីម តិចម៉េង ត្រូវបានផលិតកម្មហង្សមាសចេញបទថ្មីឱ្យភ្លាម ដែលបទនេះថ្មីមានការចូលរួមសម្ដែងពីតារាល្បីៗជាច្រើនដូចជានាយ កុយ នាយក្រឹម ពេជ្រ ថៃ និងតារាល្បីៗជាច្រើនដួងទៀត ។
ក្រៅពីនេះ លីម តិចម៉េង ក៏មហាជនត្រូវបានសង្ស័យថា មានបទថ្មីផ្សេងទៀតដែលកំពុងថតជាមួយនឹងតារាស្រី សិទ្ធី នីកា ផងដែរ ៕