តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានផ្ទុះកំហឹងជាខ្លាំង ក្រោយពីត្រូវបានជនមិនស្គាល់មុខនិយាយមាក់ងាយទៅលើគ្រួសារ រឿងដើរលេងនៅក្រៅប្រទេស ។
តាមរយៈសំណេរដែលបង្ហោះនៅមុននេះ ខាត់ សុឃីម បានរៀបរាប់ថា នាងត្រូវបានគេមើលងាយ និយាយមិនល្អពីមុខពីក្រោយរឿងទៅដើរលេងនៅអាមេរិក ។ តែយ៉ាងណាតារាស្រីជើងចាស់រូបនេះមិនបង្ហើបថា បុគ្គលរូបនោះជានរណាឡើយ ខណៈអ្នកនាងកំពុងតែពិចារណាលើការឆ្លើយតប ត្បិតបុគ្គលរូបនោះបានមាក់ងាយទៅលើគ្រួសារជាយ៉ាងខ្លាំង ។
ខាត់ សុឃីម និយាយថា «មានលុយមកដើរលេងស្រុកគេហើយ នៅគេមើលងាយទៀត មិនដែលស្គាល់គេក៏គេអាចយករឿងយើងមកនិយាយយ៉ាងសប្បាយ បងអើយប្អូនកូនអ្នកក្រ តែមានសតិគ្រប់គ្រាន់មិនព្យាយាមជាន់អ្នកណាទេ (បើខ្ញុំតបទៅវាដូចជាជួយ តភាគឱ្យគាត់) គិតសិនព្រោះគាត់ មើលងាយគ្រួសារខ្ញុំខ្លាំងណាស់» ។
យោងតាមសំណេររបស់អ្នកនាង ខាត់ សុឃីម អ្នកដែលធ្វើឲ្យអ្នកនាងឆេះដុំខ្លាំងយ៉ាងនេះ មិនដែលស្គាល់គ្នានោះទេ តែមើលទៅហាក់ដូចជាបានដឹងរឿងគ្រួសាររបស់តារាពហុជំនាញរូបនេះច្រើន ទើបយកទៅនិយាយក្រោយខ្នងយ៉ាងសប្បាយបែបនេះ រហូតបែកធ្លាយដល់សាមីខ្លួនទៀតផង។
ទោះបីជាយ៉ាងណា បន្ទាប់ពីនោះមានមតិជាច្រើនបានលើកឡើង ដោយពួកគេបាននិយាយលើកទឹកចិត្តអ្នកនាង ខាត់ សុឃីម ថាកុំឱ្យខ្វាយខ្វល់អំពីរឿងនេះ ខណៈប្អូនៗរបស់តារាពហុជំនាញរូបនេះដូចជា ខាត់ សួស្ដី, ខាត់ ណាចា ក៏បាននិយាយគាំទ្រចំពោះបងស្រីផងដែរ ។
សូមរំលឹកថា កាលពីថ្មីៗ ខាត់ សុឃីម និងស្វាមី បានដឹកដៃគ្នាធ្វើដំណើរឆ្លងទ្វីបទៅសហរដ្ឋអាមេរិក ដើម្បីលំហែរអារម្មណ៍បំបាត់ភាពនឿយហត់ និងដើម្បីទៅសួរសុខទុក្ខម្ដាយដែលកំពុងរស់នៅទីនោះ ដ្បិតបានឃ្លាតពីម្ដាយជាយូរមកហើយ ។ ការទៅដល់ទឹកដីចាយលុយដុល្លារសហរដ្ឋមេអាមរិក ខាត់ សុឃីម បានបង្ហាញដំណើរកម្សាន្ដជុំគ្រួសារជាច្រើន ។ ទោះបីជាយ៉ាងណា ខាត់ សុឃីម បានបង្ហាញភាពរីករាយយ៉ាងខ្លាំង ដែលទទួលបានការរាប់អាន និងស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ពលរដ្ឋខ្មែរនៅទីនោះ។ តែអ្នកនាងក៏មានការសោកស្ដាយ ដែលមិនបានដើរលេងឲ្យគ្រប់កន្លែងនៅលើទឹកដីប្រទេសមហាអំណាចខាងលើ ព្រោះតែជាដំណើររយៈពេលខ្លីពេក។
ដំណើរនៅទីនោះ ត្រូវបានគេជឿជាក់ថា អ្នកនាងក៏អាចនឹងស្វែងរកឱកាស ដើម្បីជំនួញរបស់នាងផងដែរ ជាពិសេសពាក់ព័ន្ធនឹងផលិតផល Cosmetic ដែលជាអាជីកម្មស្នូលមួយរបស់ប្ដីប្រពន្ធមួយគូនេះ បន្ទាប់ពីវិស័យអចលនទ្រព្យ និងភ្លេងខ្មែរ។ តែនៅរសៀលនេះ ខាត់ សុឃីម ស្រាប់តែផ្ទុះកំហឹងជាខ្លាំង បន្ទាប់ពីមានគេមាក់ងាយទៅលើគ្រួសារ រឿងដំណើរកម្សាន្ដនេះ ៕