ស្ងាត់ៗ! តាប៊ុយ ប្រកាសចូល My TV វិញ

មានដំណឹងថាពិធីករល្បីឈ្មោះ VJ Taboi បានសម្រេចចិត្តដើរងាកទៅរកជម្រកចាស់វិញ គឺស្ថានីយ៍ទូរទស្សន៍ My Tv បន្ទាប់ពីរូបគេបានចាកចេញដោយមិនដឹងមូលហេតុច្បាស់លាស់ជាងមួយ១ឆ្នាំហើយនោះ ។ ដំណឹងនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅសុខៗស្រាប់តែពិធីកររូបនេះសម្រេចចិត្តបែបនេះទៅវិញ ។

ដោយកាលពីពេលថ្មីៗនេះ តាប៊ុយ បានបញ្ជាក់ឱ្យ តារាញូស៍ ដឹងច្បាស់ថា រូបគេនឹងត្រឡប់មកជួបជាមួយទស្សនិកជនជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់» របស់ស្ថានីយ៍ទូរទស្សន៍ My Tv បន្ទាប់ពីបានខកខានរយៈពេល១ឆ្នាំ ។ ជាមួយគ្នានោះ តាប៊ុយ ក៏បានប្រកាសស្វែងរកដៃគូស្រីម្នាក់ធ្វើជាពិធីការិនីដែលសក្ដិសមនឹងរូបគេផងដែរ ។ ដោយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួន តាប៊ុយ បាននិយាយថា «យើងនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ តើនរណាដែលបងប្អូនពេញចិត្តសក្ដិសមជាពិធីការិនីក្នុងកម្មវិធីនេះ?» ។

ការប្រកាសរបស់ VJ តាប៊ុយ ខាងលើនេះបានធ្វើឱ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្ដែងការសាទរ និងត្រកអរចំពោះដំណើរវិលត្រឡប់ជាថ្មីម្ដងទៀតរបស់រូបគេ ។ បើទោះជាយ៉ាងណា គ្មាននរណាដឹងឡើយថា ការវិលត្រឡប់ជាថ្មីរបស់ពិធីករ តាប៊ុយ ដោយសារតែមូលហេតុអ្វីនោះដែរ ដ្បិតរូបគេមិនបានបញ្ជាក់លម្អិតអំពីរឿងរ៉ាវនេះឡើយ ។ យ៉ាងណាក៏មានការសន្និដ្ឋានថា ទំនងជាពេលកន្លងមកអាចនឹងមានបញ្ញាផ្ទៃក្នុងណាមួយ ពិសេសគឺពាក់ព័ន្ធនឹងកម្មវិធី «ពេញចិត្ត ឬអត់» ដែលរូបគេជាអ្នកដឹកនាំ ទើបធ្វើឱ្យរូបគេសម្រេចចិត្តចាកចេញពីជម្រកជាង១០ឆ្នាំមួយនេះមួយរយៈ ដើម្បីរង់ចាំស្ថានការណ៍ធូរស្រាលសិន ។

ម្យ៉ាងទៀត ការចាកចេញរបស់លោក គឺស្របពេលដែលបុគ្គលិកដែលមានសក្ដានុពលរបស់អង្គភាពមួយនេះមួយចំនួនបានប្រកាសចាកចេញដូចគ្នា។

សូមរំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ អ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅសុខៗស្រាប់តែពិធីករល្បីឈ្មោះ VJ តាប៊ុយ បានប្រកាសដើរចេញពីស្ថានីយ៍ទូរទស្សន៍ My TV ដែលជាកន្លែងដែលគេធ្លាប់ជ្រកកោនកសាងប្រជាប្រិយភាពជាង១០ឆ្នាំមកហើយនោះ ។ គ្រានោះ តាប៊ុយ បានបញ្ជាក់ថា រូបគេចង់សម្រាកខួរក្បាល ដើរលេងឲ្យសប្បាយ និងឲ្យកាដូសម្រាប់ខ្លួនឯងដែលហត់នឿយ ៕

Leave a Reply

Your email address will not be published. Required fields are marked *