ស៊ូ ស៊ីរីកា បង្ហើបតម្រុយដើរចេញពី ថោន

តារាចម្រៀងស្រីដ៏ពេញនិយមកញ្ញា ស៊ូ ស៊ីរីកា ថ្មីៗនេះបានដាច់ចិត្តបង្ហើបដំណឹងដ៏ភ្ញាក់​ផ្អើលមួយ ពោលគឺពាក់ព័ន្ធនឹង​ដំណើររួមជាមួយជម្រកបច្ចុប្បន្ន ហើយក៏ជាទីដែល​ជួយឱ្យ​នា​ង​មានកេរ្ដិ៍ឈ្មោះល្បី​ល្បាញ គឺផលិតកម្មថោន ។

តាមរយៈការឡាយវីដេអូនិយាយសំណេះសំណាលជាមួយបណ្ដាអ្នកគាំទ្រកាលពីពេលថ្មីៗ តារាចម្រៀងដ៏ស្រីពេញនិយមកញ្ញា ស៊ូ ស៊ីរីកា បានបង្ហើបឱ្យអ្នកគាំទ្រចាំអ៊ុត​ទាំងគ្នានៅ​ពេលឆាប់ៗខាងមុខនេះអំពីព័ត៌មានច្បាស់ការពាក់ព័ន្ធនឹងផលិតកម្ម ថោន ។ ការបង្ហាញ​តម្រុយរបស់ ស៊ូ ស៊ីរីការ គឺបានធ្វើឡើងខណៈដែលនាងកំពុងដំណើរ​កម្សាន្ដនៅ​ក្រៅ​ប្រទេស និងបន្ទាប់ពីមានសំណួរជាច្រើនថានាង បាន​ចាកចេញពីផលិតកម្ម ថោន ខណៈ​រយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ស៊ីរីកា ហាក់គ្មានសកម្មភាពជាមួយមួយនេះ​ ក៏ដូច​ជាគ្មានបទចម្រៀងថ្មីចេញសោះឡើយ ។

តារាស្រីដែលជាចៅបង្កើតរបស់អតីតតារាចម្រៀងល្បីឈ្មោះអ្នកនាង កែវ មន្ថា កញ្ញា ស៊ូ ស៊ីរីកា បាននិយាយថា មានអ្វីផ្លាស់ប្ដូរ មានអ្វីប្រែប្រួល យើងអាចតាមដាន​ពេល​ដែលនាង​ត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែ​ឥឡូវនេះ​នាងសុំ​អត់និយាយអ្វីទាំងអស់ ប៉ុន្តែមិនថាអ្វីជាអ្វី​ នាងនៅ ឬមិននៅ នាងសង្ឃឹមថា អ្នក​ទាំងអស់គ្នានៅតែបន្តស្រលាញ់ចូលចិត្តដូចដើម និង​គាំទ្រការសម្រេច​ចិត្ត​របស់នាង ។

សូមរំលឹកថា មុនពេលបង្ហើបតម្រុយខាងលើ ស៊ូ ស៊ីរីកា ធ្លាប់បង្ហើបពីការអន់ចិត្ត​ជាច្រើន​នៅលើបណ្ដាញសង្គម ខណៈការខំប្រឹង និង​សមត្ថភាពគ្មានអ្នកឱ្យតម្លៃ ។ ជាក់ស្ដែង​ថ្មីៗ​កន្លង​ទៅនេះ ស៊ីរីកា បានប្រកាសនៅហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីត្រូវបានគេមើលរំលង និងថាបើដល់ពេលដែលនាងឆ្អែតចិត្តនាងនឹងលែងងាកក្រោយទៀតផង ។

ស៊ីរីកា និយាយថា «មិនថាប្រឹងប៉ុណ្ណា ខំបែបណា ល្អយ៉ាងណា សមត្ថភាពប៉ុណ្ណា បើ​គ្មាន​អ្នកឱ្យតម្លៃនោះយើងនៅតែជាលេខ ០ នៅតែគេមើលរំលង ហើយបើដល់​ពេល​ដែល​ឆ្អែត​ហើយ គឺខ្ញុំនឹងលែងងាកក្រោយ, ខ្ញុំសង្ឃឹមថាបើថ្ងៃណា​មួយខ្ញុំ​សម្រេច​ចិត្តដើរ​ចេញ​ពីកន្លែងហ្នឹង ខ្ញុំសូមទោស ហើយក៏សូមឱ្យទាំងអស់​គ្នាសប្បាយ​ចិត្តនូវ​ការ​សម្រេច​ចិត្ត​មួយ​នេះណា» ។

បើទោះជាយ៉ាងណា ស៊ីរីកា មិនបានប្រាប់ច្បាស់ពីកន្លែងដែលនាងបានរងសម្ពាធរហូត​ចង់​ដើរចេញនោះជាផលិតកម្ម ថោន ឬកន្លែងណាឡើយ ប៉ុន្តែ​នៅ​ថ្មីៗនេះ ស៊ីរីកា បាន​បង្ហើមតម្រុយមួយ​ឱ្យអ្នកគាំទ្រចាំ​តាម​ដាន ខណៈការសម្រេច​ចិត្តបែប​ណារបស់​នាង​នឹង​ទម្លាយនៅពេលឆាប់ខាងមុខនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *