តារាចម្រៀងស្រីដ៏ពេញនិយមកញ្ញា ស៊ូ ស៊ីរីកា ថ្មីៗនេះបានដាច់ចិត្តបង្ហើបដំណឹងដ៏ភ្ញាក់ផ្អើលមួយ ពោលគឺពាក់ព័ន្ធនឹងដំណើររួមជាមួយជម្រកបច្ចុប្បន្ន ហើយក៏ជាទីដែលជួយឱ្យនាងមានកេរ្ដិ៍ឈ្មោះល្បីល្បាញ គឺផលិតកម្មថោន ។
តាមរយៈការឡាយវីដេអូនិយាយសំណេះសំណាលជាមួយបណ្ដាអ្នកគាំទ្រកាលពីពេលថ្មីៗ តារាចម្រៀងដ៏ស្រីពេញនិយមកញ្ញា ស៊ូ ស៊ីរីកា បានបង្ហើបឱ្យអ្នកគាំទ្រចាំអ៊ុតទាំងគ្នានៅពេលឆាប់ៗខាងមុខនេះអំពីព័ត៌មានច្បាស់ការពាក់ព័ន្ធនឹងផលិតកម្ម ថោន ។ ការបង្ហាញតម្រុយរបស់ ស៊ូ ស៊ីរីការ គឺបានធ្វើឡើងខណៈដែលនាងកំពុងដំណើរកម្សាន្ដនៅក្រៅប្រទេស និងបន្ទាប់ពីមានសំណួរជាច្រើនថានាង បានចាកចេញពីផលិតកម្ម ថោន ខណៈរយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ស៊ីរីកា ហាក់គ្មានសកម្មភាពជាមួយមួយនេះ ក៏ដូចជាគ្មានបទចម្រៀងថ្មីចេញសោះឡើយ ។
តារាស្រីដែលជាចៅបង្កើតរបស់អតីតតារាចម្រៀងល្បីឈ្មោះអ្នកនាង កែវ មន្ថា កញ្ញា ស៊ូ ស៊ីរីកា បាននិយាយថា មានអ្វីផ្លាស់ប្ដូរ មានអ្វីប្រែប្រួល យើងអាចតាមដានពេលដែលនាងត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែឥឡូវនេះនាងសុំអត់និយាយអ្វីទាំងអស់ ប៉ុន្តែមិនថាអ្វីជាអ្វី នាងនៅ ឬមិននៅ នាងសង្ឃឹមថា អ្នកទាំងអស់គ្នានៅតែបន្តស្រលាញ់ចូលចិត្តដូចដើម និងគាំទ្រការសម្រេចចិត្តរបស់នាង ។
សូមរំលឹកថា មុនពេលបង្ហើបតម្រុយខាងលើ ស៊ូ ស៊ីរីកា ធ្លាប់បង្ហើបពីការអន់ចិត្តជាច្រើននៅលើបណ្ដាញសង្គម ខណៈការខំប្រឹង និងសមត្ថភាពគ្មានអ្នកឱ្យតម្លៃ ។ ជាក់ស្ដែងថ្មីៗកន្លងទៅនេះ ស៊ីរីកា បានប្រកាសនៅហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីត្រូវបានគេមើលរំលង និងថាបើដល់ពេលដែលនាងឆ្អែតចិត្តនាងនឹងលែងងាកក្រោយទៀតផង ។
ស៊ីរីកា និយាយថា «មិនថាប្រឹងប៉ុណ្ណា ខំបែបណា ល្អយ៉ាងណា សមត្ថភាពប៉ុណ្ណា បើគ្មានអ្នកឱ្យតម្លៃនោះយើងនៅតែជាលេខ ០ នៅតែគេមើលរំលង ហើយបើដល់ពេលដែលឆ្អែតហើយ គឺខ្ញុំនឹងលែងងាកក្រោយ, ខ្ញុំសង្ឃឹមថាបើថ្ងៃណាមួយខ្ញុំសម្រេចចិត្តដើរចេញពីកន្លែងហ្នឹង ខ្ញុំសូមទោស ហើយក៏សូមឱ្យទាំងអស់គ្នាសប្បាយចិត្តនូវការសម្រេចចិត្តមួយនេះណា» ។
បើទោះជាយ៉ាងណា ស៊ីរីកា មិនបានប្រាប់ច្បាស់ពីកន្លែងដែលនាងបានរងសម្ពាធរហូតចង់ដើរចេញនោះជាផលិតកម្ម ថោន ឬកន្លែងណាឡើយ ប៉ុន្តែនៅថ្មីៗនេះ ស៊ីរីកា បានបង្ហើមតម្រុយមួយឱ្យអ្នកគាំទ្រចាំតាមដាន ខណៈការសម្រេចចិត្តបែបណារបស់នាងនឹងទម្លាយនៅពេលឆាប់ខាងមុខនេះ ៕