បេសកកម្មផ្គត់ផ្គង់ម្ហូបជនភៀសសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបិទបញ្ចប់ បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាព

មានរយៈពេលជាង ៣ខែហើយ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានរៀបចំផ្គត់ផ្គង់ម្ហូបជនភៀសខ្លួនដែលជម្លៀសពីតំបន់សមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

គិតត្រឹមថ្ងៃទី៣០ ខែតុលានេះ គឺជាថ្ងៃចុងក្រោយ ហើយក៏ជាការបិទបញ្ចប់នៃបេសកកម្មធ្វើម្ហូបផ្គត់ផ្គង់ជនភៀសសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

ជំរំវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់សហព័ន្ធចាប់តាំងពីផ្ទុះអាវុធតាមព្រំដែននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ពេលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនរាប់រយនាក់ដោយផ្ទាល់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសខ្លួននៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានជិត ៧ម៉ឺននាក់ ចំនួន ១១គោលដៅ ២ពេលជារៀងរាល់ថ្ងៃ។

នៅថ្ងៃបិទបញ្ចប់បេសកកម្មរបស់ខ្លួន, ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅលើបណ្តាញសង្គម បានប្រកាសសូមគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានប្រកាន់យកនូវភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងសង្រ្គាមកាន់តែរីកធំឡើង។ បង្កើតបានកិច្ចព្រមព្រៀងសន្តិភាព មានតម្លៃជាសារវន្តសម្រាប់ពលរដ្ឋខ្មែរ និងជិតខាងដែលស្រឡាញ់សន្តិភាព។ មានសន្តិភាព ទើបមានការអភិវឌ្ឍ។

សូមជម្រាបជូនថា បេសកកម្មរបស់ក្រុមយុវជនសហព័ន្ធធ្វើឡើងក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕