នៅថ្ងៃទី២៧ ខែកញ្ញានេះ កំពូលតារាចម្រៀង ខេម បានចេញសារជាវីដេអូអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ រួមទាំងប្រធានអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ទាហានថៃជាបន្ទាន់ ដែលរំលោភលើបទឈប់បាញ់ ចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ។
ខេម កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ប្រទេសថៃជាបន្ទាន់ ដោយបញ្ជាក់ថា ការល្មើសកិច្ចព្រមព្រៀងឈប់បាញ់ គឺជាការរំលោភសន្តិភាព និងច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។ នៅក្នុងវីដេអូ លោកឧកញ៉ាបានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវការរក្សាសន្តិភាព និងច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិ បានឲ្យដឹងថា យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាចំនួនពីរលើក នៅថ្ងៃទី២៧ ខែកញ្ញ ឆ្នាំ២០២៥ នេះ នៅតំបន់អានសេះ ស្ថិតក្នុងភូមិ អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី៕