នៅថ្ងៃទី២៥ ខែកញ្ញានេះក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារដែលជម្លៀសពីតំបន់សមរភូមិតាមបន្ទាត់ព្រំដែន ស្ថិតនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន។
បើតាមផេកយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ជនភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៦៣៣គ្រួសារ ស្មើ ៥,៧៦២នាក់បន្តទទួលបានការផ្គត់ផ្គង់ម្ហូប ២ ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌
ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
សូមជម្រាបជូនថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងនាមប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់បានមកទទួលម្ហូមផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕