អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំសមាជិក សមាជិកា អញ្ជើញចូលរួមកាន់បិណ្ឌដើម្បីឧទ្ទិសកុសលជូនវីរកងទ័ពជួរមុខ ដែលបានពលីនៅក្នុងសមរភូមិក្នុងបុព្វហេតុការពារទឹកដី ព្រមទាំងញាតិការ ៧សន្តាន នៅវត្តត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងពិធីនោះផងដែរ ក៏មានការរៀបចំបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ទឹកបរិសុទ្ធ អង្ករ ស្លាដក វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សន្តាន និងជូនចំពោះ វិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីការពារបូរណភាពទឹកដីឱ្យទទួលបានសុខសន្ដិភាព។
គួរឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រណិប័តន៍ ហើយប្រជាពលរដ្ឋភាគច្រើន បានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕