ជនភៀសសឹកខេត្តព្រះវិហារ សូមថ្លែងអំណរគុណដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានរៀបចំផ្គត់ផ្គង់ម្ហូប

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹក ៧គោលដៅ ចំនួន ៦ គោលដៅ ៣,៥២១គ្រួសារ ស្មើ ១១,៧០២នាក់។

ប្រជាពលរដ្ឋភៀសសឹកដែលបានមកទទួលម្ហូប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំចំអិនម្ហូបអាហារមួយថ្ងៃ២ពេលជូនជារៀងរាល់ថ្ងៃអស់រយៈពេលជាង ១ខែមក គិតចាប់តាំងថ្ងៃផ្ទុះអាវុធតាមព្រំដែន។

បេសកកម្មនៃការចុះរៀបចំផ្គត់ផ្គង់ម្ហូបអាហារហូបចុកជូនប្រជាពលរដ្ឋភៀសសឹករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ

សូមជម្រាបជូនថា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ដែលទាហានថៃចូលឈ្លានពានកម្ពុជាមក ហើយមានប្រជាពលរដ្ឋបានជម្លៀសមកកាន់ទីសុវត្ថិភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

បើទោះបីមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក៏នៅតែបន្តបន្តផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៦គោលដៅក្នុងខេត្តព្រះវិហារ ដោយរង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕