ហ្វីយ៉ាតា បន្តបង្កើតមូលនិធីជួយកងទ័ពជួរមុខ និងជនភៀសសឹករហូតប្រទេសមានសុខសន្តិភាពវិញ

បេក្ខភាព Miss Universe Cambodia ២០២៥ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានបន្តទទូចសុំឱ្យបងប្អូនខ្មែរទាំងអស់កុំទាន់ដកចិត្ត និងក្ដីបារម្ភពីកងទ័ពជួរមុខ ដរាបណាសត្រូវនៅតែបន្តឈ្លានពានចង់បានទឹកដីខ្មែរ ខណៈដែលរូបនាងផ្ទាល់ក៏នៅតែបន្តសកម្មភាពកៀរគរថវិកាពីសប្បុរជន ដើម្បីជួយទៅដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារទឹកដីខ្មែរ ក៏ដូចជាជនភៀសសឹករហូតដល់ប្រទេសមានសុខសន្តិភាពឡើងវិញ ។

ដោយនៅលើបណ្ដាញសង្គម ថៃ នារីសុជាតា បានរៀបរាប់ថា៖ កុំទាន់ដកភ្នែកចេញពីពួកគាត់អី ពួកគាត់នៅតែកំពុងត្រូវការយើងបំផុត ពួកខ្ញុំមិនឈប់ត្រឹមនេះទេ ខ្ញុំមិនទុកអ្នកចោលឡើយ សំលេងខ្ញុំលឺបានដល់ណា ខ្ញុំស្រែកដល់នោះ ទោះអ្នកណានិយាយរឺថាអ្វីក៏ដោយ យើងបានដេកផ្ទះស្រួលរាល់យប់ ក៏ព្រោះពួកគាត់យកខ្លួននឹងជីវិត ទៅការពារប្រទេសយើង ។

កូនស្រីបង្តើតរបស់កវីនិពន្ធ ងិន ម៉ានីយា រូបនេះបានបន្តទៀតថា ខ្ញុំនឹងបន្តធ្វើវា ហើយធ្វើរហូតដល់ដរាបណាប្រទេសខ្ញុំសុខសន្តិភាពវិញ, បងប្អូនកងទ័ពបានមានហូបគ្រប់គ្រាន់ ហើយប្រជាជនខ្មែរដែលភៀសសឹកទាំងអស់បានត្រលប់ទៅផ្ទះរស់សុខស្រួលវិញខ្ញុំនឹងធ្វើគ្រប់យ៉ាង ដោយកំលាំងមនុស្សស្រីម្នាក់អាចធ្វើបានខ្ញុំប្រកាសមូលនិធិនេះជាផ្លូវការ អោយបងប្អូនចូលរួម ជាមួយខ្ញុំឆាប់ៗនេះ ។

មិនមែនកញ្ញា ហ្វីយ៉ាតា ម្នាក់នោះទេដែលនៅបន្តសកម្មភាពជួយទៅដល់កងជួរមុខ ខណៈរហូតមកពេលនេះគេសង្គេតឃើញថា មានសិល្បករ បុគ្គលដែលមានឥទ្ធិពលនៅបណ្តាញសង្គម រួមទាំងប្រជាជនខ្មែរទូទាំងប្រទេសនៅតែបន្តឧបត្ថម្ភថវិកា សម្ភារៈប្រើប្រាស់ និង គ្រឿងឧបភោបជាបន្តបន្ទាប់ទៅដល់កងទ័ព ៕