តារាកំប្លែង ខ្ញុង ទំនងកំពុងរកាំរកូសគ្រួសារ ក្រោយធ្លាយតម្រុយទាំងនេះ

តាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហោះសាររៀបរាប់រឿងរ៉ាវក្នុងចិត្តដែលហាក់បីដូចជាកំពុងមានរឿងរកាំរកូសក្នុងគ្រួសាររហូតចង់ចែកផ្លូវគ្នាជាមួយស្វាមី សុខចិត្តរស់នៅចញ្ចឹមកូនតែម្នាក់ឯង ប្រសើរជាងរសើនៅដេកឱបទុក្ខ ។

តាមការបង្ហោះរបស់តារាកំប្លែងអ្នកនាង ខ្ញុង នៅក្នុង Story កាលពីយប់មិញនេះបានសរសេររៀបរាប់ថា «តើត្រូវបន្តដើម្បីអ្វីទៀតកូនៗរបស់ម៉ែអើយ ម៉ែព្យាយាមហើយ តែមិនអាចស៊ូទៅមុនទៀតបាន ម៉ែប្រហែលជារក្សាគ្រួសារមួយនេះឱ្យកូនលែងបានហើយ ។ អ្នកនាង ខ្ញុង បានបន្ថែមទៀតថា ឈឺចាប់ថ្ងៃលែងលះមួយថ្ងៃវាប្រសើរជាង ដេកគាំ្រទ្រូងមួយជីវិត ទាំងកំពុងពពោះវាសម្ពាធផ្លូវចិត្តណាស់ ម៉ែសុំទោសកូនៗ ម៉ែនឹងស៊ូចញ្ចឹមកូនម្នាក់ឯងបន្តទៀត ព្រោះម៉ែស៊ូម្នាក់ឯងយូរមកហើយ ។

គេមិនដឹងថាតារាកំប្លែងអ្នកនាង ខ្ញុង និងស្វាមីមានរឿងអ្វីនោះទេ ទើបបានជាដល់ថ្នាក់បង្ហោះសារចង់រស់នៅចិញ្ចឹមកូនតែម្នាក់ឯងបែបនេះ ខណៈអ្នកនាង ខ្ញុង ក៏មិនបានបញ្ជាក់ពីរឿងរ៉ាវច្បាស់ ប៉ុន្តែត្រឹមការបង្ហោះពាក្យពេចន៍ឈឺចិត្តស្អិតទ្រូងរំលឹកដល់ជីវិតគ្រួសាររៀបការក្បាលដល់កន្ទេលហាក់មិនមានតម្លៃនោះ អាចឱ្យគេយល់យ៉ាងច្បាស់ថា តារាកំប្លែងរូបនេះ និងស្វាមីនាយ កៃ ដ ទំនងកំពុងមានរឿងទាស់ទែងគ្នាជាក់ជាពុំខាន ។

បើទោះជាយ៉ាងណានេះមិនមែលជាលើកទីមួយនោះ ដែលប្តីប្រពន្ធតារាកំប្លែង អ្នកនាង ខ្ញុង នាង នាយ កៃ.ដ មានរឿងរកាំរកូសបែបនេះ ប៉ុន្តែក្រោយពួកគេបានរំសាយចិត្តរៀងខ្លួន អ្នកទាំពីរក៏វិលមកជាគ្នានាវិញធម្មតា ។

កន្លងមកមិនថាតែរឿងគ្រួសារ ឬរឿងបញ្ហាអ្វីនោះទេ តារាកំប្លែងអ្នកនាង ខ្ញុង និងស្វាមីតែងតែត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនលើកទឹកចិត្ត និងមិនចង់ឃើញចំណងប្ដីប្រពន្ធរបស់តារាកំប្លែងរូបនេះជួបរឿងបែកបាក់គ្នាឡើយ ព្រោះគេសង្គេតឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកទាំងពីរបានព្យាយាមតស៊ូពុះពារជំនះការលំបាកជាមួយគ្នាជាច្រើន បន្ទាប់ពីជួបបញ្ហាបំណុលជាង៥០ម៉ឺនដុល្លារ ហើយបានពួតដៃគ្នា ខិតខំស្វែងរកប្រាក់ចំណូលពីការលក់ប្រហុកផ្អក និងរបរផ្សេងៗដើម្បីដោះស្រាយយ៉ាងសស្រាក់សស្រាំជាមួយគ្នា ៕