តារាចម្រៀង Nak Fake អង្វរភរិយាឱ្យត្រឡប់មកផ្ទះជួបជុំគ្នាវិញ ក្រោយចំណងស្នេហ៍៦ឆ្នាំដើរដល់ផ្លូវបំបែក ខណៈ មីហិរ បញ្ជាក់ច្បាស់ថា «គ្រប់យ៉ាងខ្ញុំមិនស្តាយក្រោយទេ»

ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាថ្មី ក្រោយតារាស្រី មីហិរ ដែលជាភរិយាយរបស់តារាចម្រៀង Nak Fake បានចេញមកមកអះអាងម្ដងទៀតថា ខ្លួនបានបញ្ចប់ទំនាក់ទំនងជាមួយស្វាមី និងបានរស់នៅបែកគ្នាអស់រយៈពេល២ខែមកហើយ ។ ការបញ្ជាក់ជំហររបស់ មីហិរ បានធ្វើឲ្យមហាជនអ្នកគាំទ្រសោកស្ដាយយ៉ាងខ្លាំង ។

ដោយសំណេរដែលតារាស្រី មីហិរ បង្ហោះកាលពីយប់មិញមានខ្លឹមសារថា៖ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងគ្នាទៀតឡើយ រស់នៅរៀងខ្លួន ខ្ញុំបានរស់នៅផ្សេងគ្នារយៈពេល2ខែជាងមកហើយ គ្រប់យ៉ាងខ្ញុំមិនស្តាយក្រោយទេ ព្រោះខ្ញុំបានស៊ូនឹងខំថែរក្សារទំនាក់ទំនងមួយនេះអស់ពីសមត្ថភាពហើយ តែចុងក្រោយក៏ត្រូវជួបរឿងដដែលៗ ការលើកលេងរបស់ខ្ញុំ គឺមានលើសពី10ដងហើយ. ទម្រាំខ្ញុំសម្រេចថា ចាកចេញ ។

ក្រោមសំណេររបស់ភរិយា លោក Nak Fake ឯណេះវិញក៏បានបន្តអង្វរក និងសុំឱ្យភរិយាលើកលែងកំហុស ជាពិសេសសុំឱ្យអ្នកនាង មីហិរ វិលត្រឡប់មកផ្ទះវិញ ខណៈដែលខ្លួននៅតែរងចាំ ។ លោក Nak Fake បានសរសេររៀបរាប់ថា៖ មកផ្ទះយើងវិញមកអូន បងចាំអូនយូរហើយ បងមិនដែលស្អប់អូនទេបងចាំអូន2ខែហើយ មកផ្ទះយើងវិញមកណា ។

សំណេររបស់ម្ចាស់បទ «យើងជាទន្សាយគេជាព្រះចន្ទ» បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រកាន់តែស្រណោះស្រណោក និងជួយអង្វរកទៅកាន់អ្នកនាង មីហិរ ឱ្យត្រឡប់មកជួបជុំគ្នាវិញ ដោយអះអាងថា មីហិរ គួរតែទុកពេលឱ្យលោក សេក វណ្ណៈ ម្ដងទៀតជាលើកចុងក្រោយ ដ្បិតបើតាមអ្វីដែលរូបគេបានធ្វើនៅពេលនេះគឺទំនងជាបានដឹងកំហុសរបស់ខ្លួនហើយ ។

Evoto

បើទោះជាយ៉ាងណាចំពោះមតិដែលបញ្ចេញដោយអ្នកគាំទ្រនៅលើបណ្ដាញសង្គម នៅមិនទាន់មានការឆ្លើយតបពីសំណាក់ មីហិរ ទេ តែអ្នកគាំទ្រសង្ឃឹមថា ចំណងស្នេហ៍ប្ដីប្រពន្ធវ័យក្មេងមួយគូរនេះនឹងអាចវិលត្រឡប់មកដូចដើមវិញ ។

សូមបញ្ជាក់ថា តារាចម្រៀង NakFake និងភរិយា បានបង្កាត់ភ្លើងស្នេហ៍ដ៏ផ្អែមល្ហែមជាមួយគ្នាប្រមាណ៥ឆ្នាំជាងមកហើយ ពោលគឺអ្នកទាំងពីរបានចាប់ផ្ដើមបង្ហាញភាពស្និតស្នាល និងផ្អែមល្ហែមជាមួយគ្នាក្រោយសម្ដែង MV បទ “យើងជាទន្សាយ គេជាព្រះច័ន្ធ” កាលពីអំឡុងឆ្នាំ២០១៩ ដែលបទចម្រៀងមួយបទនេះក៏ជាស្នាដៃដែលធ្វើឱ្យ Nak Fake និង មីហិរ ទទួលបានការគាំទ្រយ៉ាងខ្លាំង ។

ក្រោយស្វែងយល់ចិត្តគ្នាច្រើនឆ្នាំ នៅមកនៅដើមឆ្នាំ ២០២៥ តារាចម្រៀងរូបនេះ និងភរិយា ក៏បានសម្រេចចិត្តដឹងដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរផ្អើលអ្នកសិល្បៈចូលរួមអបអរ ។ តែយ៉ាងណាក្រោយរៀបការមិនទាន់បានប៉ុន្មានផង ចំណងស្នេហ៍នេះក៏បានជួបរឿងរកាំរកូសរហូតឈានដល់រស់នៅបែកដំបូលគ្នានាពេលនេះ ៕