ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកព្រិន្ទបាលឯក ឈឿង ចាន់ណា ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី លោកព្រិន្ទបាលឯក ឈឿង ចាន់ណា ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ ។

លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។

បន្ថែមពីនេះ លោកឧកញ៉ាក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ដោយបានកត់សម្គាល់ថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា យុទ្ធជនពលី លោកព្រិន្ទបាលឯក ឈឿង ចាន់ណា មានអាយ៥៥ឆ្នាំ ពិធីបុណ្យសព បច្ចុប្បន្នធ្វើបុណ្យនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ យុទ្ធជនពលី លោកព្រិន្ទបាលឯក ឈឿង ចាន់ណា បានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ភ្នំទ្រព្យ៕