ចូលចិត្តសាមញ្ញធម្មតា! ខួបកំណើតកំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនធ្វើពិធីធំដុំមានត្រឹមអ្នកជិតស្និតប៉ុន្មានជួបជុំនៅផ្ទះ

ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងឧញ៉ា ព្រាប សុវត្ថិ គេសង្កេតឃើញថា មិនដែលធ្វើពិធីធំដុំអ្វីនោះទេ ដោយគ្រាន់តែធ្វើពិធីជួបជុំក្រុមគ្រួសារ និងមនុស្សជិតស្និតប៉ុន្មានយ៉ាងសាមញ្ញបំផុត ។

ជាក់ស្តែងឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ គឺក្រុមគ្រួសាររបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បានរៀបចំពិធីខួបកំណើតយ៉ាងសាមញ្ញ ជាមួយនឹងការកាត់នំខ្មែរ និងប៉េងប៉ោងពណ៌ចម្រុះ ក្រោយវត្តមានអ្នកជិតស្និតប៉ុន្មាននាក់ដូចជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ខេម ខាន់ ជេមស៍ តន់ ច័ន្ទសីម៉ា ប្រពន្ធកូន និងឪពុកម្ដាយជួបជុំហូបអាហាពេលល្ងាចនៅផ្ទះរបស់លោកផ្ទាល់ ។

យ៉ាងណាបើទោះបីជាមើលទៅសាមញ្ញធម្មតា ប៉ុន្តែទិដ្ឋភាពនៃកម្មពិធីលក្ខណៈគ្រួសារនេះហាក់មានភាពសប្បាយរីករាយយ៉ាងខ្លាំង ខណៈគេឃើញប្អូនៗដែលជាតារាចម្រៀងរួមទ្រនំដូចជាលោកឧកញ៉ា ខេមរៈ សិរីមន្ដ និង ខេម សុទ្ធតែបានជូនពររៀមច្បងរូបនេះនូវចម្រៀងពីរោះៗជាច្រើនបទ ។ ក្រៅពីនេះគេក៏ឃើញមានការជូនពរពីសំណាក់អ្នកគាំទ្រ និងអ្នកជិតស្និតជាច្រើនផងដែរ ។

សូមបញ្ជាក់ថា ពិធីខួបកំណើតរបស់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក្នុងឆ្នាំនេះគឺបានឈានដល់វ័យ៥០ឆ្នាំហើយ ។ យ៉ាងណាបើទោះបីជាមានវ័យកាន់តែជ្រេខ្លាំងចូលដល់ខ្ទង់៥០ក្ដី ប៉ុន្តែរូបសម្រស់របស់កំពូលតារាចម្រៀងសំនៀងផ្អែមស្រទន់គ្មានពីររូបនេះនៅតែមិនចាស់ជ្រេតាមអាយុឡើយ ។ ចំពោះអាជីពសិល្បៈទៀតសោតមកដល់ពេលនេះក៏នៅតែគ្មានតារាចម្រៀងជំនាន់ក្រោមរូបណាអាចប្រជែងដែរ ។

បច្ចុប្បន្នលោកកំពុងតែព្យាយាមជួយត្រួសត្រាយផ្លូវ និងជម្រុញកូនប្រុសទាំង៣ឱ្យកាន់តែមានឈ្មោះបោះសំឡេងខ្លាំង ខណៈកូនពៅ សុវត្ថិ មន្នីនាគ ឬហៅថា N.Jonh បានកំពុងតែចាប់ផ្ដើមកសាងកេរ្ដិ៍ឈ្មោះនៅលើវិស័យចម្រៀងនៅក្រៅប្រទេស ហើយក៏កំពុងតែទទួលបានការចាប់អារម្មណ៍ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *