ពូ ឃ្លាំង រំលឹកគ្រាច្រៀងជាមួយ សាន ផានិត ជាង១០ឆ្នាំមុន

បើទោះបីជាពេលវេលាបានកន្លងហួសទៅអស់រយៈពេលជាច្រើនឆ្នាំទៅហើយ ប៉ុន្តែតារាចម្រៀងរ៉េប ពូ ឃ្លាំង នៅតែចងចាំមិនភ្លេចអនុស្សាវរីយ៍មួយចំនួនជាមួយតារាចម្រៀងជើងចាស់លោក សាន ផានិត ។ ជាសក់ស្ដែងថ្មីៗនេះ ពូ ឃ្លាំង បានរំលឹកអនុស្សាវរីយ៍ គ្រាដែលរូបលោកច្រៀងឱ្យ Concert ជាលើកដំបូងជាមួយលោក សាន ផានិត កាលពីជាង១០ឆ្នាំមុខ ។

តាមរយៈការជជែកគ្នានៅក្នុងកម្មវិធីស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ តារារ៉េបជើងចាស់ ពូ ឃ្លាំង បានរំលឹកថា កាលដែលលោកចេញច្រៀងនៅកម្មវិធី Concert ជាមួយលោក សាន ផានិត នៅលើកដំបូងប្រៀបដូចជាតារាល្បី ឬជា Superstar នៃកម្មវិធីនោះអញ្ចឹង ព្រោះមានអ្នកគាំទ្រជាច្រើនបានមកគាំទ្រស្ទើរមិនគួរឱ្យជឿ ។

ពូ ឃ្លាំង អះអាងថា អារម្មណ៍ដ៏ល្អមួយដែលធ្វើលោកនៅតែចងចាំ និងមិនបំភ្លេចបានគឺ នៅគា្រមួយដែលលោកបានលោតចុះពីលើឆាកទៅរកអ្នកគាំទ្រ ហើយមានទស្សនិកជន រុញលោកឡើងមកឆាកវិញ ។ លោកថា អារម្មណ៍ពេលនោះខ្លួនឯងហាក់បីដូចជា Superstar នៃConcertនោះតែម្តង ទោះបីConcertនោះជាការលក់សំបុត្រក៏ដោយ ។

ពូ ឃ្លាំង និយាយថា៖ «ខ្ញុំចង់និយាយអារម្មណ៍ល្អមួយនោះបន្តិច ហើយសឹងតែមកដល់រាល់ថ្ងៃខ្ញុំអត់ទាន់បានឃើញនៅស្រុកខ្មែរមានអ្នកណាធ្វើអញ្ចឹងទេ ពេលខ្លះខ្ញុំចង់សាកដែរតែអត់ហ៊ាន អត់ទុកចិត្ត! ប្អូនដែលឃើញស្រុកខ្មែរអ្នកណាហក់ទៅក្នុងឆាកហើយគេរុញមកវិញទេ តែកាលជាង១០ឆ្នាំមុនខ្ញុំធ្វើអញ្ចឹង ឡូយតែម្ដងប្អូនអ្ហើយ» ។

សូមរំលឹកថា តារាចម្រៀងរ៉េប ពូ ឃ្លាំង បានដកខ្លួនចាកឆ្ងាយចេញពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបន្សស់ស្នាដៃបទច្រៀងល្បីៗពិរោះៗជាច្រើន សម្រាប់ទស្សនិកជនស្ដាប់ និងរាំលេងកំម្សាន្ត ។

គេនៅចំាបានថា ពូ ឃ្លាំង គឺជាអ្នកចម្រៀងរ៉េបដំបូងដែលធ្វើឪ្យសិល្បៈចម្រៀងរ៉េប ចាប់ផ្តើមកក្រើកឡើងនៅកម្ពុជា ជាមួយនឹងការលេចឡើងនូវតារារ៉េប ជំនាន់ក្រោយជាច្រើន ប៉ុន្តែលោកបានដកខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ខណៈទើបតែថ្មីៗនេះ ពូ ឃ្លាំង បានសម្រេចចិត្តត្រឡប់មកចាប់ផ្ដើមអាជីពនេះជាថ្មី និងបានសម្រុកផលិតបានបទចម្រៀងជាច្រើន និងសុទ្ធសឹងតែបទដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងជាក់ស្ដែងដូចជាបទ «គ្រលាស់» ជាដើម ៕

Leave a Reply

Your email address will not be published. Required fields are marked *