កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីសាច់រឿងពិត“កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” កំពុងទទួលការគាំទ្រខ្លាំងពីសំណាក់មហាជន

កម្រងអាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន កំពុងទទួលការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។


ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ ក្នុងបុព្វហេតុជាតិមាតុភូមិ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្តល់ឱកាសឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ ដែលបានទទួលនូវភារកិច្ច ដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា អះអាងថា ពេលដែលទទួលការងារមួយនេះរូបលោកមានក្ដីរំភើបរីករាយ ព្រោះភារកិច្ចដ៏ធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ា ដែលរកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយអ្នកឧកញ៉ារួមជាមួយឯកឧត្តម ហ៊ឹម នភា តារាចម្រៀង ដែលទទួលបានការណែនាំផ្ទាល់ពីសម្តេចតេជោ គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា។

សាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់ សម្តេច ក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។
អ្នកចម្រៀងពីររូប គឺលោក ខេម និង អ្នកនាង ស៊ុន ស្រីពេជ្រ និងគឺជាអ្នកចម្រៀងដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពេញចិត្ត និងផ្ដល់ឱកាសឱ្យច្រៀងក្នុងការផលិតមួយនេះ និងអមជាមួយតារាចម្រៀងផ្សេងទៀតក្នុងផលិតកម្ម ហ្គាឡាក់សុី ណាវ៉ាត្រា ផងដែរ

ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា សម្រាប់ការងារ Media ដើម្បីធ្វើការផ្សព្វផ្សាយនូវបទចម្រៀង ក្រោយពីបានផលិតរួចរាល់ទាំងអស់ឱ្យបានទូលំទូលាយ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដោយអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិត រក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ ព្រមទាំងប្រគល់ជូនក្រុមការងារ Media របស់ សម្តេចតេជោ ដើម្បីផ្សព្វផ្សាយផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *