ប៊ុត សីហា បាត់មុខមួយរយៈធំវិលត្រឡប់មកវិញពោលពាក្យទាំងអស់នេះ

ក្រោយពីបាត់មុខមួយរយៈធំ ពេលនេះតារាចម្រៀង ប៊ុត សីហា បានត្រឡប់មកវិញហើយ ដោយបានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់ ។ ការវិលត្រឡប់មកវិញម្ដងនេះ ប៊ុត សីហា ហាក់មានអារម្មណ៍ថា ដឹងខ្លួនឯងបានសាងកំហុស និងពោលពាក្យស្តាយក្រោយ ។

ដោយកាលពីប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គមរបស់អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១លោក ប៊ុត សីហា បានបង្ហោះរូបភាព និងសំណេរជាបន្តបន្ទាប់ ដោយក្នុងនោះសុទ្ធសឹងតែភាសាដែលហាក់មានវិប្បដិសារីចំពោះខ្លួនឯង ។ សំណេរទី១ដែលបង្ហោះនៅលើបណ្ដាញសង្គមភ្ជាប់រូបភាពមួយសន្លឹកអង្គុយដោយទឹកមុខក្រៀមក្រំដូចមនុស្សកំពុងមានទុក្ខកង្វល់លោក ប៊ុន សីហា បាននិយាយថា «ពេលវេលាកន្លងទៅ គ្មានសល់អ្វីក្រៅពីភាពស្មុគស្មាញ ហើយនិងការស្តាយក្រោយ» ។

ចំណែកសំណេរបន្ទាប់ដែលភ្ជាប់នឹងការចែករំលែកបទចម្រៀងចាស់របស់ខ្លួនកាលពីឆ្នាំ២០២៣ តារាចម្រៀងដ៏មានទេពកោសល្យ និងទឹកដមសំនៀងរូបនេះបាននិយាយថា «ថោកខ្លួនឯង បានត្រឹមសោកស្តាយ» ។ មិនតែប៉ុណ្ណោះលោក ប៊ុត សីហា បានបន្តទម្លាយពីអារម្មណ៍របស់ខ្លួនទៀតថា «នឹកណាស់ពេលវេលាកន្លង», «តើខ្ញុំគួរធ្វើអ្វីមុនគេបងប្អូន ក្នុងពេលនេះ» ។ ការបញ្ចេញសកម្មភាពរបស់នៅលើបណ្ដាញសង្គមរបស់ ប៊ុត សីហា ពេលនេះនៅតែមានការចាប់អារម្មណ៍ពីមហាជន ខណៈក៏មានមតិមួយចំនួននៅបន្តលើកទឹកចិត្តដល់រូបគេឱ្យតស៊ូ និងក្រោកឈរបន្តដំណើរទៅទៀត ។

សូមរំលឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ តារាចម្រៀងលោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពីបទពាក់ព័ន្ធគ្រឿងញៀនជាលើកទីពីរ ដែលរូបភាពរបស់លោកត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ។ មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ បានបង្ហាញការសោកស្តាយនូវសមត្ថភាពរបស់លោកដែលមានសំឡេងល្អតែបែរជាមិនស្រឡាញ់កេរ្តិ៍ឈ្មោះទៅប្រព្រឹត្តខ្លួននៅក្នុងអំពើអបាយមុខធ្វើឱ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស ដែលខំសាងឡើងត្រូវបានបំផ្លាញ់ខ្ទិចខ្ទីរគ្មានសល់ ព្រមទាំងបំផ្លាញដល់ទឹកចិត្តរបស់សប្បុរសជនដែលខំយិតយោងកន្លងមកផងដែរ ។

គេនៅចាំបានថា បើទោះជាបីជាបានសាងកំហុសដដែលយ៉ាងណាក៏ដោយ តែអតីតម្ចាស់ពានដ៏មានប្រជាប្រិយភាពរូបនេះ នៅតែទទួលបានការជួយជ្រែងជាចបន្តបន្ទាប់ពីសំណាក់សប្បុរសជន និងមហាជនក៏នៅតែអាណិតស្រលាញ់នឹងសមត្ថភាពរបស់លោក ។ ជាក់ស្ដែងថៅគែហាងមាសពេជ្រ ទ្រី ដាណា ក៏ធ្លាប់បានចំណាយថវិការក្បែរ១០ម៉ឺនដុល្លារ ដើម្បីជួយដល់រូបគេផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *