ជារឿងមួយដ៏រីករាយទីបំផុតសម្រាប់កម្ពុជា ពោលគឺស្របពេលដែលពិភពលោកកំពុងទន្ទឹងរងចាំការប្រកួតរបស់ស្ដេចប្រដាល់ មេនី ប៉ាគីអាវ និងកីឡាករថៃ បូខាវ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលថា ស្ដេចប្រដាល់ពិភពលោករបស់ហ្វីលីពីនរូបនេះបានបដិសេដចំពោះការប្រកួតនៅប្រទេសថៃ បោះបង់តម្លៃខ្លួនរហូត២៥លានដុល្លារ ហើយសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមទស្សនាលើកស្ទួយការប្រកួតគុនខ្មែរវិញ ។
ដំណឹងនេះបានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមានការចាប់អារម្មណ៍ និងរីករាយអមដោយសាទរយ៉ាងខ្លាំង ព្រោះវត្តមានមកកាន់កម្ពុជារបស់ស្ដេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao នឹងធ្វើឱ្យពិភពលោកចាប់អារម្មណ៍មកលើគុនខ្មែរកាន់តែខ្លាំង ជាពិសេសនឹងនាំឱ្យគុនខ្មែរកាន់តែមានភាពល្បីសុះសាយទៅកាន់ពិភពលោក ។
ដំណើរមកកាន់ប្រទេសកម្ពុជារបស់ស្ដេចប្រដាល់ហ្វីលីពីន មេនី ប៉ាគីអាវ ត្រូវបានប្រជាជនខ្មែរត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ ខណៈមុនការមកដល់ក្រុមហ៊ុនហនុមានក៏ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ។ ដោយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនដ៏ល្បីល្បាញឈានមុខគេនៅកម្ពុជាមួយនេះ បានប្រកាសយ៉ាងដូច្នេះថា «ហនុមានបំពេញតាមសំណូមពរបងប្អូន ស្វាគមន៍វត្តមានកិត្តិយសស្តេចប្រដាល់ពិភពលោក Manny Pacquiao ក្នុងព្រឹត្តិការណ៍ សង្វៀនហនុមាន គុនខ្មែរខាងមុខនេះ» ។
សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានមហាព្រឹត្តិការណ៍កីឡាដ៏ធំមិនធ្លាប់ គឺការប្រកួតប្រដាល់គុនខ្មែរដែលមានឈ្មោះថា គុនខ្មែរហនុមាន ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀហនុមាន និងធ្វើឡើងនៅបរិវេណមហោស្រពកោះពេជ្រ ។ អ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលបំផុតនោះ គឺមហាព្រឹត្តិការណ៍ គុនខ្មែរហនុមាន ក៏មានវត្តមានស្ដេចប្រដាល់ពិភពលោករបស់ហ្វីលីពីនដែលមានទ្រព្យសម្បត្តិជាង២០០លានដុល្លារ មេនី ប៉ាគីអាវ ចូលរួមទស្សនាដោយផ្ទាល់ផងដែរ ៕