តារាចម្រៀងរ៉េបជូរមុខលោក ងួន ចាន់ដេវីត បានបង្ហើបពីតម្រុយដាក់សំណើរទៅក្រសួងវប្បធ៌ និងអាជ្ញាធរអប្សរាដើម្បីស្នើសុំថតMVចម្រៀងបទ «មហានគរ» របស់ខ្លួនដែលរូបលោកមានបំណងចង់ថតនៅតំបន់អង្គរជាយូរមកហើយ ។
តម្រុយនេះត្រូវបានលោក ជី ដេវីត បង្ហើបឱ្យដឹងបន្ទាប់ពីក្រសួងវប្បធម៌ និងវិចត្រសិល្បៈប្រកាសពីភាពយន្ដហូលីវ៉ូតដ៏ល្បី The Creator ដែលកំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្ដនានាទូទាំងពិភពលោក និងរកចំពូលបានជិត៤០លានដុល្លារអាមេរិក ជ្រើសរើសខេត្តសៀមរាបជាទីតាំងថត ។ ដោយនៅល្ងាចមិញនេះ ម្ចាស់បទ «មហានគរ» លោក ជីដេវីត បានតាមរយៈការចែករំលែកដំណឹងខាងលើ ភ្ជាប់ដោយសំណេរត្រេកអរបំផុតថា «សូមអបអរសាទរ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បន្ទាប់ពីនេះសុំវេនមហានគរម្តង» ។
សូមបញ្ជាក់ថា ក្រៅពីលោក ជី ដេវីត កន្លងមកថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស ដែលជាគូស្នេហ៍របស់លោកក៏បានបង្ហាញពីគោលបំណងចង់ផលិតវីដេអូចម្រៀងនៅប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើនផងដែរ ។ ដោយនៅក្នុងជំហរនោះ ទេព បូព្រឹក្ស បានប្ដេជ្ញាថា នឹងមិនធ្វើឱ្យអ្នកគាំទ្រ និងប្រជាជនខ្មែរខកបំណងនោះឡើយ ហើយដំណឹងនោះត្រូវបានគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ។
ដូចគ្នានេះដែរ ជំហររបស់តារារ៉េបលោក ជី ដេវីត ក៏ត្រូវមហាជន និងអ្នកគាំទ្រយ៉ាងច្រើនបង្ហាញការគាំទ្រ និងចង់ឃើញបំណងប្រាថ្នារបស់គូស្នេហ៍មួយគូនេះឆាប់បានសម្រេច ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរឱ្យកាន់តែមានភាពទូលំទូលាយទៅកាន់សកលលោក ៕