យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះបានឱ្យដឹងថា ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក ។
ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក ។
ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។
សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ។ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក ៕