ជារឿងដ៏ចាប់អារម្មណ៍ថ្មីមួយទៀតសម្រាប់អ្នកគាំទ្រកម្ពុជា ខណៈដែលស្ងាត់ៗតួឯកក្នុងរឿងបណ្តាសារនាងរាត្រីរបស់ផលិតកម្មអិលឌីពីររូបគឺកញ្ញា ស៊ីន យូប៊ីន និងតារាភូមាលោក ប៉ាង តាខុន ត្រូវបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅប្រទេសសិង្ហបុរី ដើម្បីទទួលពានរង្វាន់ក្នុងកម្មវិធី Hall of fame in Singapore 2023 ឬ HOFS ។
កញ្ញា ស៊ិន យូប៊ីន និងបុរសសង្ហាភូមា Paing Takhon គឺតួឯកក្នុងរឿង បណ្ដាសារនាងរាត្រី ដែលជាភាពយន្តខ្នាតធំរបស់ផលិតកម្មLD កំពុងដំណេីរផលិតដោយសម្រិតសម្រាំងសម្រាប់ទីផ្សារក្នុងប្រទេស និងចាក់បញ្ចាំងនៅរោងភាពយន្តអន្តរជាតិផងដែរ។
កញ្ញា ស៊ីន យូប៊ីន បានបង្ហាញក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលទទួលបានពានរង្វាន់ពីកម្មពិធីមួយនេះ ជាពិសេសគឺបានដឹកដៃដៃគូសម្ដែងរបស់នាងគឺលោក Paing Takhon ទៅទទួលពានរួមគ្នា ខណៈដែលពួកគេទាំងពីរកំពុងតែចូលរួមសម្ដែងភាពយន្ដខ្នាតធំរឿង «បណ្ដាសានាងរាត្រី» របស់ផលិតកម្មLD។
នៅចំពោះមុខអ្នកចូលរួមទាំងអស់នៃវេទិកាប្រគល់ពានរង្វាន់នោះ យូប៊ីន ត្រូវបានផ្ដល់កិត្តិយសលេីកឡេីងនូវចំណាប់អារម្មណ៍របស់ខ្លូនផងដែរ។ ក្រៅពីបង្ហាញអារម្មណ៍រំភេីបរីករាយក្នុងនាមម្ចាស់ពានរង្វាន់រង្វាន់ នាងក៏បានអំពាវនាវទៅដល់ភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកទស្សនាកម្សាន្ដនៅប្រទេសកម្ពុជា ដែលមានដូចជាកន្លែងទស្សនាវប្បធម៌ និងធម្មជាតិផ្សេងៗជាច្រើន ជាពិសេសនោះគឺប្រាសាទអង្គរវត្តដែលជាដួងព្រលឹងនៃប្រទេសកម្ពុជា ។
ក្រៅពីកញ្ញា ស៊ីន យូប៊ីន និងលោក Paing Takhon ស្រីនា ដែលជា Influencer ដ៏ល្បីល្បាញរបស់កម្ពុជាក៏ទទួលបានពានរង្វាន់ពីកម្មពិធីនេះផងដែរ ពោលគឺនាងបានក្លាយជាម្ចាស់ពាន Beauty and Health Influencer ពី HOFS Award ផងដែរ ។
សូមបញ្ជាក់ថា តារាសម្ដែងជូរមុខកញ្ញា ស៊ីន យូប៊ីន និងតារាភូមាលោក Paing Takhon គឺជាដៃគូសម្ដែងនៅក្នុងខ្សែភាពយន្ដខ្នាតធំមួយរបស់ផលិតកម្មអិលឌីគឺរឿង «បណ្ដាសានាងរាត្រី» ។ រយៈពេលប៉ុន្មានចុងក្រោយនេះតារាភូមារូបនេះបានបង្ហាញមុខនៅកម្ពុជាយ៉ាងញឹកញាប់ ខណៈកន្លងមកលោកធ្លាប់អះអាងថា រូបលោកបានចាត់ទុកកម្ពុជាជាផ្ទះទី២របស់លោកប្រកបដោយភាពស្និស្នាល។ ក្រៅពីនេះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក លៀក លីដា ស្ថាបនិកផលិតកម្មផងដែរ ដែលតាមដំណឹងមិនផ្លូវការមួយឱ្យដឹងពួកគេក៏អាចនឹងវិនិយោគរួមគ្នាលេីការផលិតភាពយន្តប្រកបដោយគុណភាពដេីម្បីបំពេញតាមតម្រូវការមហាជនក្នុងស្រុក និងនាំយកទៅបញ្ចាំងនៅរោងភាពយន្តបរទេសផងដែរ។