ប្រវត្តិសាស្ត្រថ្មី! កីឡាការិនី កាំង មុយនីន បំបែកកំណត់ត្រាឈ្នះមេដាយមាសហែល​ទឹក​ចំនួន២ពីស៊ីហ្គេម

កីឡាការិនីកម្ពុជា កាំង មុយនីន បាន​បំបែក​​នូវកំណត់ត្រា​ប្រវត្តិសាស្រ្តថ្មីដោយឈ្នះ​មេ​ដាយមាសចំនួន២ជា​លើកដំបូង​បន្ទាប់ពីបាន​រង់ចាំ​អស់​រយៈ​ពេល​៥០​ឆ្នាំ ខណៈដែល​ជោគជ័យ​ដ៏​ធំ​នេះ​បាន​កើត​មាន​ឡើងស្របពេល​ដែល​​ប្រទេស​កម្ពុជាបាន​ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្រោយ​រង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ ។

ការដណ្តើម​បានមេដាយមាសលើ​ប្រភេទ​កីឡាហែល​ទឹក​ពាក់ជើង​ទា​របស់ កាំង មុយនីន បាន​ធ្វើឱ្យ​អ្នកស្នេហាវិស័យកីឡាមាន​ភាពមោទនភាពយ៉ាងខ្លាំង ព្រោះនេះជា​កំណត់ត្រា​ប្រវត្តិ​សាស្រ្ត​ថ្មីសម្រាប់​ក្រុម​ហែល​ទឹកកម្ពុជា​ ។

សូមបញ្ជាក់ថា កីឡាការិនី កាំង មុយនីន បាន​ឈ្នះ​មេដាយមាសទី១លើ​វិញ្ញាសាហែលទឹក 400m Bi Fins ជាមួយ​ថិរវេលា ៣:៥៩.០១ នាទី គឺ​នាំមុខកីឡាការិនីលេខ​២​រប​ស់​ឥណ្ឌូនេស៊ី Az Zahra Raqiel ដែល​ប្រើពេល ៤:០៥.៩៧ នាទី ។

ដោយឡែកនៅព្រលប់​ថ្ងៃ​ទី១៣ ខែឧសភាម្សិលមិញនេះ កីឡាការិនីពាក់ជើងទាជម្រើស​ជាតិកម្ពុជា កាំង មុយនីន បានឈ្នះមេដាយមាស ១គ្រឿងទៀតលើវិញ្ញាសាហែលទឹកពាក់​ជើងទា Bi Fins ចម្ងាយ ២០០ម៉ែត្រ នៅមជ្ឈមណ្ឌលកីឡាហែល​ទឹកនៃពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ។ នេះគឺជាមេដាយមាសទី២ ដែល កាំង មុយនីន ដណ្ដើមបានជូនកម្ពុជាក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *