ខាត់ សុឃីម ព្រមានប្ដឹងម្ចាស់ទំព័រហ្វេសប៊ុកមួយផ្សាយព័ត៌មានមិនពិតធ្វើឱ្យមហាជនជេរប្រមាថលើរូបនាង

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម កាលពីម្សិលមិញនេះបានប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយព្រមានប្ដឹងទៅលើម្ចាស់ទំព័រហ្វេសប៊ុកមួយដែលបានផ្សាយព័ត៌មានមិនពិតធ្វើឱ្យមានការជេរប្រមាថលើរូបនាង ជាពិសេសគឺធ្វើឱ្យមានការយល់ច្រឡំរវាងរូបនាង និងអ្នកសិល្បៈដូចគ្នា ។

ដោយនៅលើបណ្ដាញសង្គមតារាស្រីពហុជំនាញរូបនេះបានសរសេរថា «សូមម្ចាស់ Page មួយនេះ លុបព័ត៌មានប្រឌិតជាបន្ទាន់ បើមិនដូច្នោះខ្ញុំនឹងប្តឹង ហើយស្វែងរកម្ចាស់Page ទាល់តែឃើញ ខ្ញុំមិនបាននិយាយ រឺប៉ះពាល់ អ្នកសិល្បៈរូបណាទេ ជាពិសេសសិស្សប្អូនរបស់ខ្ញុំ ខ្ញុំតែងតែគោរពនឹងអោយតម្លៃសិល្បករសិល្បការិនីគ្រប់រូប សូមកុំយកមកបូកឡូកឡំគ្នាបែបនេះ បើចង់ចុះពីប្អូនខ្ញុំ សូមចុះឱ្យចំ កុំដើម្បីចង់បានផលប្រយោជន៍ទាញរូបខ្ញុំទៅដាក់រឿងស៊ិចស៊ី រឿងផឹក ជក់ សាក់ ជាសិទ្ធិរបស់បុគ្គល ខ្ញុំមិនឈឺក្បាលនោះទេ ឱ្យតែមានអ្នកសិល្បៈជួយឱ្យរីកចំរើន គឺខ្ញុំគាំទ្រទាំងអស់មិនថាបុរាណ ឬសម័យនោះទេ ដូច្នេះសូមម្ចាស់ Page ទាំងឡាយមេត្តា មុនផ្សាយសូម Chat ឬសម្ភាសន៍ខ្ញុំផង» ។

ជាមួយគ្នានោះតារាពហុជំនាញ និងម្ចាស់បទ «អូនលែងប្ដីហើយ» អ្នកនាង ខាត់ សុឃីម ក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិដោយពិចារណា និងមានហេតុផល កុំតែស្ករតាមគ្នាវែកញែកទាំងមិនបានដឹងរឿងច្បាស់ ។ នាងថា «សូមបងប្អូនខមិនអើយ សូមអ្នមេត្តាប្រើការពិចារណា និងមានហេតុផលខ្លះផង កុំឱ្យតែគេថា ចង្អុលគោ ថាក្របី ក៏ត្រូវដែរនោះ ខ្ញុំសុំខ្លាចហើយ បណ្ឌិត និង អ្នកមិនចេះខុស» ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះទំព័រហ្វេសប៊ុកមួយបានផ្សាយព័ត៌មានមួយពាក់ព័ន្ធនឹងប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម ជាមួយតារារ៉េបវ័យក្មេងលោក វណ្ណា និងបានភ្ជាប់តារាពហុជំនាញរូបនេះជាមួយផងដែរ ហើយព័ត៌មានេះមានការចែករំលែកជាច្រើនជាមួយនឹងពាក្យពេចន៍មិនសមរម្យជេរប្រមាថជាច្រើនលើតារាពហុជំនាញរូបនេះ ។

ក្រោយតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ប្រកាសព្រមានប្ដឹង ម្ចាស់ទំព័រហ្វេសប៊ុកខាងលើក៏បានលុបចេញនូវវីដេអូព័ត៌ដែលបានផ្សាយនោះវិញ ។ បើទោះជាណាយ៉ាងណាតារាស្រីវ័យ៤៣ឆ្នាំរូបនេះបានអះអាងថា ក្រោយពេលដែលអ្នកនាងត្រឡប់ពីខេត្តពោធិ៍សាត់វិញ អ្នកនាងនឹងទៅក្រសួងមហាផ្ទៃដើម្បីដាក់ពាក្យប្ដឹងលើករណីនេះ ។

អ្នកនាងថា ខាត់ សុឃីម ថាអ្នកនាង និងតារារ៉េបវ័យក្មេងលោក វណ្ណា និងលោក ជី ដេវីត ព្រមទាំងសិល្បករសិល្បការិនីដទៃទៀតរាប់អានគ្នាជាធម្មតាមិនដែលមានទំនាក់អ្វីឡើយ តែការចុះផ្សាយរឿងមិនពិតបានធ្វើឱ្យមិត្តភាពរបស់អ្នកនាងមើលមុខគ្នាមិនចំ និងបានធ្វើឱ្យមហាជនជេរប្រមាថដល់រូបនាង និងក្រុមគ្រួសារទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *