Ashley Furniture គ្រឿងសង្ហារិមម៉ាកល្បីលក់ដាច់លេខ១នៅអាមេរិក បើកសម្ពោធសាខាទី៣ នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល

ក្រុមហ៊ុនគ្រឿងសង្ហារិមមានការទទទួលស្គាល់លំដាប់អន្តរជាតិ និងលក់ដាច់ជាងគេបំផុតនៅសហរដ្ឋអាមេរិក Ashley Furniture Homestore បានធ្វើការសម្ពោធបើកឲ្យដំណើរការសាខាទី៣របស់ខ្លួននៅប្រទេសកម្ពុជា ក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។
កម្មវិធីនេះបានប្រឹព្រឹត្តឡើងនៅក្នុងបរិវេណហាងថ្មីក្នុងផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ផ្ទាល់ ក្រោមវត្តមានភ្ញៀវកិត្តិយស និងអ្នកតំណាងរបស់ក្រុមហ៊ុន អញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ក្នុងកម្មវិធីដ៏អស្ចារ្យគួរជាទីសាទរនេះក៏មានការរាំរបាំជូនពរ និងកាត់ខ្សែបូពីសំណាក់ពីថ្នាក់ដឹកនាំ និងអ្នកតំណាងក្រុមហ៊ុន Ashley Furniture Homestore ផងដែរ។
លោកស្រី ជា ឆេងហ្គិច អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Ashley Furniture Homestore Cambodia បានបង្ហាញនូវសុទិដ្ឋនិយមរបស់ខ្លួនយ៉ាងរីករាយបំផុតក្នុងឱកាសពិធីបើកសម្ពោធសាខាទី៣នេះ។ លោកស្រី បានគូសបញ្ជាក់ថា៖ «ការបើកដំណើរការ Ashley សាខាទី៣នេះនឹងមានលទ្ធភាពបំពេញតម្រូវការរបស់អតិថិជនបានទាន់ពេលវេលា និងផ្តល់ភាពងាយស្រួល់ដល់អតិថិជនដែលរស់នៅតំបន់នេះ និងគ្រប់តំបន់»។
ប្រសិនបើគ្មានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា និងការគោរពក្នុងភាពជាដៃគូដ៏អស្ចារ្យពី Ashley យើងមិនអាចដើរមកដល់ចំណុចនេះបានទេ។ លោកស្រី ឆេងហ្គិច បានបន្ថែម។
លោកស្រីក៏បានបញ្ជាក់ជុំវិញការរៀបចំ និងគោលគំនិតនៃការរចនាហាងថា ៖ «គ្រប់សាខាទាំងអស់ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដោយអ្នកជំនាញរបស់ Ashley ផ្ទាល់តាំងពីដំណាក់កាលចាប់ផ្ដើមរហូតដល់ការរីកចំរើនដូចពេលនេះ។ ថ្ងៃនេះមិនត្រឹមតែជាឱកាសបើកសម្ភោធសាខាថ្មីប៉ុណ្ណោះទេក៏ជាថ្ងៃគម្រប់ខួប៦ឆ្នាំដែល Ashley Furniture Homestore មានវត្តមាននៅលើទីផ្សារកម្ពុជា»។
នៅចំពោះមុខភ្ញៀវកិត្តិយសប្រមាណ១០០នាក់ លោកស្រី ឆេងហ្គិច ក៏បានធ្វើការប្ដេជ្ញាថា នឹងផ្តល់ជូនគ្រឿងសង្ហារិមមដែលមានគុណភាពល្អបំផុត ធានាទាំងតម្លៃ និង សេវាកម្មរហ័សទាន់ចិត្ត ស្របទៅតាមគោលការណ៍របស់ក្រុមហ៊ុន Ashley បានកំណត់។
ចំណែកលោក Jason អ្នកតំណាងក្រុមហ៊ុន Ashley ប្រចាំតំបន់អាស៊ី ក៏បានសម្ដែងនូវទំនុកចិត្តដ៏ខ្ពស់បំផុតចំពោះក្រុមការងារនៅកម្ពុជាក្នុងការផ្ដល់ជូនគ្រឿងសង្ហារិមមដែលមានមូលដ្ឋានពីសហរដ្ឋអាមេរិកនេះ។ លោកបានថ្លែងថា៖ «យើងមានទំនុកចិត្តថាគោលដៅរបស់យើងអាចសម្រេចបានដោយការដឹកនាំរបស់ក្រុមការងារនៅកម្ពុជាដែលពោរពេញដោយទេពកោសល្យ ជំនាញ និងបទពិសោធន៍ក្នុងឧស្សាហកម្មគ្រឿងសង្ហារិមនៅកម្ពុជា»។
លោក Jason ជឿជាក់ថាការបើកឲ្យដំណើរការសាខាទី៣នេះនឹងជួយឲ្យមាននូវកំណើនសេដ្ឋកិច្ច និងបង្កើតការងារបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា Ashley Furniture Homestore ជាម៉ាកយីហោគ្រឿងសង្ហារិមដ៏ល្បីល្បាញ ជាម៉ាកលក់ដាច់ជាងគេបំផុតនៅអាមេរិច និងចែកចាយលក់ជាង ១៥៥ ប្រទេសនៅលើពិភពលោក។ ចំពោះម៉ូតឌីហ្សាញវិញស្អាតប្លែកពីគេដោយ Ashley មានម៉ូតឌីហ្សាញបែប American Lifestyle ស្អាតទាក់ភ្នែក ច្រើន Style នៃការឌីហ្សាញ គុណភាពគឺល្អ ជាមួយនឹងតម្លៃសមរម្យសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា។
Ashley Furniture Homestore បានចូលមកដល់កម្ពុជាដំបូងបំផុតនៅឆ្នាំ ២០១៧ ដោយបើកហាង២ សាខាក្នុងពេលតែ១ ដោយសាខាទី១នៅលើបណ្ដោយផ្លូវមុន្នីវង្ស (ជិតស្តុបបូកគោ) និងសាខាទី ២ នៅខណ្ឌសែនសុខ លើមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី។
រហូតមកដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនក៏សម្រេចបើកសាខាទី៣បន្ថែម ដែលមានទីតាំងនៅក្នុងផ្សាទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល៕  

Leave a Reply

Your email address will not be published. Required fields are marked *