មកស្គាល់អ្នកនិពន្ធបទ”ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” របស់ ថុល សុភិទិ ដែលកំពុងផ្ទុះខ្លាំង

បទចម្រៀងថ្មីរបស់តារាចម្រៀង ថុល សុភិទិ មានចំណងជើងថា” ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលធ្វើឲ្យសាមីខ្លួនតារាចម្រៀង ជាពិសេសអ្នកនិពន្ធហាក់បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។

បន្ទាប់ពីបានសាងស្នាដៃ និងធ្វើឲ្យតារាចម្រៀងជាច្រើនរបស់ហង្សមាសផ្ទុះកក្រើកតាំងពីដើមឆ្នាំ ស្រាប់តែថ្មីៗនេះ អ្នកនិពន្ធល្បីឈ្មោះមួយរូបរបស់ហង្សមាស គឺលោក Tho Meet បានផ្ទុះជាថ្មីទៀតជាមួយបទចម្រៀងដែលលោកសម្រិតសម្រាំងឲ្យ ថុល សុភិទិ។ នោះជាបទចម្រៀងសម្រាប់កំដរយុវវ័យឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២២-២០២៣ មានចំណងជើងថា “ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត” ច្រៀងដោយ ថុល សុភិទិ អតីតបេក្ខជនវគ្គផ្ដាច់ព្រ័ត្រកម្មវិធី ” Cambodian idol” រដូវកាលទី ៣។ បទនេះបានចេញនៅលើបណ្ដាញសង្គម ចំថ្ងៃឆ្លងឆ្នាំតែម្ដង។ ដោយសារត្រូវនឹងឱកាសផង ទឹកដៃអ្នកនិពន្ធ និងសាច់រឿងចាក់បេះដូងយុវវ័យទៀតបទនេះផ្ទុះតែម្ដង។

THO Meet បានប្រាប់ថា រូបគេបានតាមមើលពីកម្រិតនៃសន្ទស្សន៍អ្នកទស្សនាតាំងពីថ្ងៃដំបូងឃើញថា មានសន្ទុះខ្លាំងដូចនឹងបទដែលលោកបានធ្វើសម្រាប់រៀមច្បងរបស់ ភិទិ នាពេលកន្លងមកដូចជាបទ “នឹកបងខ្លះទេ” របស់ ខេមរៈ សិរីមន្ត បទ “ទោះបងស្ទាវ ក៏មានលុយចិញ្ចឹមអូន” របស់ គង់ ចំរើន និងបទ “ប្ដីលើផែនដី អស់ល្អត្រឹមប្ដីអូនហើយ!” របស់ សុគន្ធ និសា ជាដើម។

បើតាមអ្នកនិពន្ធរូបនេះ ស្នាដៃចុងក្រោយរបស់លោកសម្រាប់ឆ្នាំ ២០២២នេះ ទទួលបាន ១លានដងពីទស្សនិកជនត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ។ ដូច្នេះហើយ មិនបង្អង់យូរ អ្នកនិពន្ធកូន២ បានចេញមកសារសារថ្លែងអំណរគុណចំពោះប្រិយមិត្តដែលគាំទ្រស្នាដៃរបស់ខ្លួន ដែលជាកម្លាំងចិត្តដ៏ធំធេងក្នុងនាមជាអ្នកនិពន្ធមួយរូប។ លោកអះអាងថា៖ “នេះដែលជាកម្លាំងចិត្តដល់ខ្ញុំបាទ THO MEET ក្នុងការផលិតបទចម្រៀងថ្មីៗបន្តទៀត ឆ្នាំថ្មីនេះខ្ញុំបានត្រៀមអ្វីដែលថ្មីៗបន្តទៀត…”។

សូមបញ្ជាក់ថា THO MEET បានចូលរួមធ្វើជាអ្នកនិពន្ធបទចម្រៀងឲ្យផលិតកម្មហង្សមាស កាលពីចុងឆ្នាំ ២០២០។ ក្នុងរង្វង់ ២ឆ្នាំមកនេះ លោកនិពន្ធបទចម្រៀងបានជាច្រើនបទ ឲ្យតារាហង្សមាសស្ទើរទាំងអស់ច្រៀង។ ភាគច្រើនក្នុងចំណោមនោះ ផ្ទុះការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងដោយស្រូបទាញការចូលស្ដាប់ និងទស្សនាលឿនក្នុងរយៈពេលខ្លី។ សម្រាប់ឆ្នាំថ្មីលោកថា បានត្រៀមស្នាដៃមួយចំនួនរួចហើយ ដែលនឹងបញ្ចេញឲ្យតារាចម្រៀងរបស់ហង្សមាស បង្ហើរសំនៀងបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *