ករុណា ពេជ្រ ស្រាយមន្ទិលរឿងលក់ផ្ទះជាង១លានដុល្លារ និងការទទួលបានងារជាឧកញ៉ា

តារាចម្រៀងផលិតកម្មថោនលោក ករុណា ពេជ្រ បានចេញមុខឆ្លើយតប និងបកស្រាយបញ្ហាលក់ផ្ទះជាង១លានដុល្លារដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គម ខណៈការចេញមុខបកស្រាយរបស់លោក ករុណា ពេជ្រ គឺបានធ្វើឡើងក្រោយពីមានបុគ្គលមួយចំនួនតូចបានទាញបញ្ចូលទៅជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយ ។

តាមរយៈឃ្លីបវីដេអូប្រមាណ១៥នាទី តារាចម្រៀង ករុណា ពេជ្រ បានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គមមានការវែកញែកបញ្ចេញមតិជាច្រើនពាក់ព័ន្ធនឹងការប្រកាសលក់ផ្ទះតម្លៃជាង១លានដុល្លារ ហើយក្នុងនោះក៏មានការទាញបញ្ចូលបញ្ហារបស់លោកទៅចូលជាមួយបញ្ហានយោបាយ ដោយអះអាងថា លោកបានផុងខ្លួនរហូតលក់ផ្ទះសម្បែង ។ ក្រៅពីនេះក៏មានការនិយាយក្នុងន័យឌឺដងពេលណាឡើងជាឧកញ៉ា ឬជាឯកឧត្ដម ។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើលោក ករុណា ពេជ្រ បានធ្វើការបដិសេដដោយអះអាងថា ការប្រកាសលក់ផ្ទះ លក់ដីរបស់ខ្លួននាពេលកន្លងមកមិនមានជាប់ពាក់ព័ន្ធអ្វីនឹងបញ្ហានយោបាយឡើយ តែការលក់ផ្ទះលក់ដីវាជាអាជីពមួយបន្ថែមទៀតសម្រាប់រូបលោកក្រៅពីអាជីពសិល្បៈ ម្យ៉ាងវិញទៀតក្រោយពីឪពុកចែកឋានទៅលោករស់នៅតែម្នាក់ឯង ខណៈត្រូវចុះឡើងទៅប្រទេសបារាំងមើលថែម្ដាយជាញឹកគ្មានពេលនៅថែផ្ទះ ទើបសម្រេចចិត្តលក់ចេញតែម្ដង ដើម្បីយកប្រាក់កម្រៃដោះស្រាយបញ្ហាជីវភាព ។ ដោយឡែកចំពោះការឡើងជាឧកញ៉ា ឬជាឯកឧត្ដម តារាចម្រៀងរូបនេះអះអាងថា លោកក៏គ្មានស័ក្ដយសអ្វីដែរ បើទោះជាពេលកន្លងមកលោកបានចូលរួមជាមួយកិច្ចការងារសង្គមជាច្រើនក៏ដោយ ។

លោក ករុណា ពេជ្រ អះអាងថា បើសិនជាលោកឡើងងារជាឧកញ៉ានោះ លោកពិតជាមានភាពខ្មាសលោកឧកញ៉ាអ្នកឧកញ៉ាពិតប្រាកដណាស់ ព្រោះពួកគេមានមុខរបរច្រើន និងលះបង់ជួយសង្គមច្រើនណាស់ ចំណែកឯងរូបលោកវិញគ្រាន់តែស្ម័គ្រជួយជាកម្លាំង ។ តារាចម្រៀងរូបនេះបន្តថា ការណ៍ដែលលោកចូលរួមកិច្ចការសង្គម ឬបក្សនយោបាយក៏គ្មានគោលបំណងចង់បានស័ក្ដយស ឬផលតបស្នងអ្វីដែរ ទាំងអស់នោះគឺកើតចេញពីទឹកចិត្តស្រលាញ់ ហើយក៏មិនបានចំណាយធនធានផ្ទាល់ខ្លួនរហូតលក់ផ្ទះសម្បែង ដូចអ្វីដែលបុគ្គលមួយចំនួនតូចបានលើកឡើងក្នុងន័យឌឺដង ឬពេបជ្រាបនោះឡើយ ខណៈការលក់ដី និងផ្ទះ នាពេលកន្លងមកគឺជាមុខរបរមួយរបស់លោកបន្ទាប់ពីការងារសិល្បៈ ។

សូមរំលឹកថា តារាចម្រៀងលោក ករុណា ពេជ្រ ជាសិល្បករឆ្នើមមួយរូបដែលសកម្មខ្លាំងជាមួយវិស័យជំនួញអចលនទ្រព្យដូចជាការទិញដីលក់ដី ទិញផ្ទះលក់ផ្ទះ ខណៈកន្លងមកមិត្តជិតស្និតរួមអាជីពមួយចំនួនបាននិយាយបែបលេងផងមែនផងថា ករុណ ពេជ្រ ជាសេដ្ឋីអចលនទ្រព្យថែមទៀត ដ្បិតក្រៅពីការទិញលក់ដី និងផ្ទះក្បែរៗរាជធានីភ្នំពេញ តារាចម្រៀងដ៏មានឥទ្ធិពលប្រចាំថោនរូបនេះក៏ធ្លាប់បង្ហើបឱ្យដឹងថា លោកមានដីមួយកន្លែងតម្លៃជិត១លានដុល្លារនៅខេត្តមណ្ឌលគិរីផងដែរ ។

បើទោះជាយ៉ាងណា នៅប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ករុណា ពេជ្រ បានប្រកាសលក់ផ្ទះដែលមានតម្លៃជាង១លានដុល្លារយ៉ាងភ្ញាក់ផ្អើល ហើយក៏មានបុគ្គលមួយចំនួនបានទាញបញ្ហាលក់ផ្ទះនោះទភ្ជាប់ជាមួយបញ្ហានយោបាយ ប៉ុន្តែលោក ករុណា ពេជ្រ ក៏បានចេញមុខបកស្រាយ និងធ្វើការច្រានចោលដូចការរៀបរាប់ខាងលើផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *