ក្រុមការងារបុរី ឡេង ណាវ៉ាត្រា ៦អា បន្តធ្វើការដោះស្រាយបន្តបន្ទាប់ជូនអតិថិជនដែលបានអញ្ជើញមកជជែកពិគ្រោះគ្នា!

ឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា អតិថិជនបុរី ឡេង ណាវ៉ាត្រា មួយចំនួនបានមកបន្តទទួលយកដំណោះស្រាយជាមួយក្រុមការងារបុរីជាបន្តបន្ទាប់ ប្រកបដោយស្នាមញញឹមទាំងអស់គ្នា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលបានបន្តផ្សព្វផ្សាយលើបណ្តាញសង្គមបង្ហាញពីសកម្មភាពខិតខំប្រឹងប្រែងដោះស្រាយបញ្ចប់បញ្ហាជូនអតិថិជន បានលើកឡើងថា៖ «បុរីឡេង ណាវ៉ាត្រា ឈរលើគោលការណ៍ដោះស្រាយ មិនឲ្យពុកម៉ែបងប្អូនខាតបង់អត្ថប្រយោជន៍ឡើយ»។

ជាមួយគ្នានេះ អ្នកឧកញ៉ាបានថ្លែងអំណរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា។ បច្ចុប្បន្នក្រុមការងារបុរី ឡេង ណាវ៉ាត្រា កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ ជាបន្តបន្ទាប់។

សូមជម្រាបថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី និងថ្នាក់ដឹកនាំក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រុមការងារពាក់ព័ន្ធទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិផ្ទះ-ដី និងបន្តប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនតាមដំណាក់កាលៗ ដោយបានគេចវេសនោះទេ។ ជាក់ស្តែង កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ បានទទួលបានបណ្ណកម្មសិទ្ធិដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ៕