ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលជម្លៀសពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៤២២គ្រួសារ ស្មើ ៤,៣៣៤នាក់ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

គួររម្លឹកឲ្យដឹងផងដែរថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូមរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕














