ថ្ងៃទី២៤ ខែតុលានេះ គឺមានរយៈពេល ៣ខែហើយ ដែលក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំម្ហូបផ្គត់ផ្គង់ជនភៀសសឹកប្រចាំថ្ងៃចំនួន ២ពេលដែលជម្លៀសខ្លួនចេញពីសមរភូមិជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ មានជនភៀសសឹកនៅខេត្តឧត្តរមានជ័យ បានត្រឡប់ទៅកាន់លំនៅឋានវិញ ប៉ុន្តែជនភៀសសឹកក្នុងខេត្តព្រះវិហារ មួយចំនួនក៏ត្រឡប់ទៅ មួយចំនួនទៀតបន្តស្នាក់នៅជំរំសុវត្ថិភាព។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែតុលានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៤៨៦គ្រួសារ ស្មើ ៤,៧២២នាក់។

ការរៀបចំផ្គត់ផ្គង់ម្ហូបរបស់ក្រុមការងារអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។

គួររម្លឹកឲ្យដឹងផងដែរថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូមរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕















