ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅចំនួន ២,៥៩៦គ្រួសារ បន្តមកទទួលម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកចំនួន ២គោលដៅក្នុងខេត្តព្រះវិហារ ចំនួន ២,៥៩៦គ្រួសារដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាក់ស្តែងនៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ជនភៀសសឹកខេត្តព្រះវិហារ ២គោលដៅបន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌
ដឹកនាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សរុបចំនួន ២,៥៩៦គ្រួសារគឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៥៧គ្រួសារ ស្មើ ៦,៣៨៣នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៣៩គ្រួសារ ស្មើ ១,៩៩៤នាក់ សរុបចំនួន ២,៥៩៦គ្រួសារ ស្មើ ៨,៣៧៧នាក់។

ការបន្តរៀបចំចម្អិនម្ហូបអាហាររបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕